ជម្លោះរវាងអ្នកនាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បានឈានដល់ទីបញ្ចប់
(ភ្នំពេញ)៖ ជម្លោះដ៏ក្តៅគគុក រវាងកំពូលតារាចម្រៀងជួរមុខ អ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ បានឈានដល់ការចាក់ទឹកពន្លត់បញ្ចប់រឿង និងផ្សះផ្សាជានាគ្នា១០០ភាគរយហើយ ក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ។
ជម្លោះដ៏រ៉ាំរ៉ៃរវាងកំពូលតារាទាំងពីរ បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារ សង្គ្រាមពាក្យសម្តី រវាង អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឈានដល់ការប្តឹងផ្តល់គ្នាឡើងតុលាការគួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ដោយភាគីទាំងសងខាងសុទ្ធតែមានការប្តេជ្ញាស៊ូស្លាប់តតាំងគ្នាដល់ទីបញ្ចប់។
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអោយដឹងថា «អ្នកឧកញ៉ាបានជួបអ្នកនាង ម៉េង កែវពេជ្ជតា ផ្ទាល់កាលពីខែមុន នៅប្រទេសបារាំង និងបានសាកសួរព័ត៌មានលម្អិតរួចរាល់ អ្នកឧកញ៉ាក៏បានជួបអ្នកនាង ចន ច័ន្ទលក្ខិណា វិញម្តងកាលពីថ្ងៃ១៩ កក្កដា ឆ្នាំ២០២៤ ដើម្បីសិក្សាពីខ្លឹមសារសាច់រឿងឲ្យបានជុំ។ បន្ទាប់មក អ្នកឧកញ៉ាក៏បានអញ្ជើញពួកគាត់ទាំងពីរមកជួបមុខគ្នាដោយផ្ទាល់នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីដោះស្រាយឈានដល់ការបញ្ចប់រឿងតែម្តង។
ភាគីទាំងពីរ បានព្រមព្រៀងគ្នា ចចារបញ្ចប់ជម្លោះដ៏តានតឹងទាំងប៉ុន្មាន និងងាកមកចាប់ដៃគ្នា ធ្វើការងារជាប្រយោជន៍ដើម្បីជាតិមាតុភូមិ ពិសេសការងារក្នុងវិស័យសិល្បៈដ៏ល្អផូរផង់របស់កម្ពុជា៕