នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ អ្នកប្រើប្រាស់គ្រឿងញៀន៨០% ជាយុវជន
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអោយដឹងថា ក្នុងចំណោមយុវជនអាយុចាប់ពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ គឺជាវ័យកំពុងប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនច្រើន បើគិតជាភាគរយមានប្រមាណ៨០% ខណៈស្ត្រីមានប្រមាណ១០%។
ក្នុងវេទិកាពិភាក្សាជាមួយអ្នកសារព័ត៌មាន ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រយុទ្ធឆាំងគ្រឿងញៀន បានថ្លែងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន គឺបានចាត់ទុកវិធានការផ្សព្វផ្សាយអប់រំ គឺជាកិច្ចការអាទិភាព និងចាំបាច់បំផុត ដើម្បីផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅទៅដល់សាធារណជនអំពីផលប៉ះពាល់នៃគ្រោះថ្នាក់គ្រឿងញៀន ក៏ដូចជាច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បើតាមអគ្គលេខាធិការ អោយដឹងទៀត នៅក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ ជាវ័យដែលកំពុងប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនច្រើន ដែលជាកត្តាមួយធ្វើឱ្យបាត់បង់នៅធនធានមនុស្សមួយចំនួនសម្រាប់ប្រទេសជាតិ ខណៈស្រ្តីក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនមានប្រមាណ១០%។
លោកនាយឧត្តមសេនីយ៍ លើកឡើងឱ្យដឹងដូច្នេះថា៖ «អ្នកដែលប៉ះពាល់ជាក់ស្ដែងទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀន មានក្នុងរង្វង់តែប្រមាណ ២ម៉ឺននាក់ជាង …មិនលើសពី ៣ម៉ឺន ទៅ៤ម៉ឺននាក់ទេ ភាគច្រើនប្រមាណ ៨០ភាគរយ អាយុចន្លោះពី១៨ឆ្នាំ ដល់៣៥ឆ្នាំ ដែលជាយុវជន។ ហេតុដូច្នេះតែយើងខិតខំយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋមានការយល់ដឹង ពិសេសយុវជនដែលជាទំពាំងស្នងឫស្សី»។
នាយឧត្តមសេនីយ៍រូបនេះ ក៏បានបញ្ជាក់ពីបញ្ហាចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងដែន និងការបោសសម្អាតបញ្ហាគ្រឿង ញៀនក្នុងស្ថាប័នរដ្ឋ គឺរាជរដ្ឋាភិបាលកំពុងនិងកំពុងតែដាក់វិធានការយ៉ាងតឹងរឹងបំផុតចំពោះមន្ត្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន រហូតឈានដល់បណ្តាញចេញពីក្របខ័ណ្ឌរដ្ឋទៀតផង៕