នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ រដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញយុទ្ធសាស្ដ្រ៦ចំណុច និងវិធានការ៨ចំណុច ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា
(ភ្នំពេញ)៖ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញយុទ្ធសាស្ដ្រ ចំនួន៦ចំណុច និងវិធានការយុទ្ធសាស្ដ្រ ចំនួន៨ចំណុច ដែលជាទិសដៅអាទិភាពសំខាន់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ការថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវេទិកាពិភាក្សា ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ដ្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។
បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអោយដឹងថា យុទ្ធសាស្ត្រថ្នាក់ជាតិទាំង៦ចំណុច ដាក់ចេញដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖ ទី១៖ កាត់បន្ថយតម្រូវការគ្រឿងញៀន, ទី២៖ កាត់បន្ថយការជួញដូរគ្រឿងញៀន, ទី៣៖ ការពង្រឹងប្រសិទ្ធភាពព្យាបាល ស្ដារនីតិសម្បទា និងធ្វើសមាហរណកម្ម, ទី៤៖ ការពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់, ទី៥៖ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ, ទី៦៖ ការពង្រឹងយន្តការពហុវិស័យនៅថ្នាក់ក្រោមជាតិ។
ដោយឡែក ចំពោះវិធានការយុទ្ធសាស្ត្រចំនួន៨ចំណុចវិញ មានដូចជា៖ ទី១៖ ការពង្រឹងការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងក្រោមជាតិ, ទី២៖ ការផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន, ទី៣៖ ការព្យាបាល ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាហរណកម្មការចាកចេញពីគ្រឿងញៀន, ទី៤៖ ការពង្រឹងស្ថាប័នអនុវត្តច្បាប់, ទី៥៖ ពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យសារធាតុគីមីផ្សំ, ទី៦៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន, ទី៧៖ ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា, ទី៨៖ អនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ផងដែរថា នេះជាលើកដំបូងក្លិបអ្នកកាសែត ក្រោមការដឹកនាំរបស់លោក ពុយ គា ដែលបានរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទនេះ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕