អាជ្ញាធរគ្រឿងញៀន៖ ការធ្វើតេស្តរកគ្រឿងញៀនមន្ត្រីរាជការនៅទូទាំងប្រទេសជិត១០ម៉ឺននាក់ រកឃើញ៩៧នាក់
គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការនៅទូទាំងប្រទេសចំនួន ៩៩ ៣០០រូប ក្នុងនោះ៩៧នាក់រកឃើញមានផ្ទុកសារធាតុញៀន។
ការធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ គឺអនុវត្តបទបញ្ជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី«គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា គិតមកដល់ពេលនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា សរុបបាន ចំនួន ៩៩ ៣០០រូប ក្នុងនោះ៩៧នាក់រកឃើញមានផ្ទុកសារធាតុញៀន ដោយ៨៩នាក់បានបណ្តេញចេញពីក្របខ័ណ្ឌ ៧នាក់កំពុងរៀបចំឯកសារ ខណៈម្នាក់ទៀតកំពុងតាមដាន។
សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម។ ក្នុងនោះដែរគឺ សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ា ពីមន្ត្រីលើលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលនដល់គ្រូបង្គោលតាមស្ថាប័នអង្គភាព, ណែនាំដល់សាមីក្រសួង–ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមាន សារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕