ក្រសួងព័ត៌មាន រកកិច្ចសហការពីសាធារណជនស្វែងរកអ្នកសារព័ត៌មានទារកំហែងប្រាក់

ក្រសួងព័ត៌មានបានស្វែងរកកិច្ចសហការពីសាធារណជន ដែលទទួលរងនឹងការគំរាមកំហែង ដោយសារការទារជំរិតលុយ ឬការគាបសង្កត់ផ្សេងៗ ពីក្រុមសារព័ត៌មាន ដើម្បីក្រសួងមានវិធានការតាមនីតិវិធីច្បាប់។ នេះបើយោងតាមសេចក្តីជូនដំណឹងថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤។

ការចេញសេចក្តីជូនដំណឹងនេះ បន្ទាប់ពីប្រមុខរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវ «ដុសក្អែល» ចំពោះអ្នកកាសែតដែលគ្មានវិជ្ជាជីវៈ ប្រើប្រាស់អាជីពរបស់ខ្លួន ដើរគំរាមកំហែងប្រាក់ពីពលរដ្ឋប្រកបរបរសុចរិត។

សេចក្តីជូនដំណឹងបានអោយដឹងថា «សូមជូនដំណឹងដល់អ្នកសារព័ត៌មាន, អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុម MMO សូមយកស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចែកចាយព័ត៌មាន ដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន»

ជាមួយគ្នានេះដែរក្រសួងស្នើរអោយសាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗ ពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣ / ០១២ ៤៨៨ ១៥៦ ឬដាក់ពាក្យបណ្តឹងមកក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួងមានវិធានការតាមនីតិវិធីច្បាប់»។

ក្រសួងព័ត៌មាននៅបានជូនដំណឹងទៀតថាគេ «នឹងប្រកាសដាក់ឱ្យអនុវត្ត “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នៅកម្ពុជា គោរព និងអនុវត្តនាពេលដ៏ឆាប់ៗខាងមុខនេះ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds