នគរបាលខេត្តស្វាយរៀង បង្ក្រាបជនជាតិវៀតណាមម្នាក់ និងដកហូតថ្នាំញៀនជិត៩គីឡូក្រាម

ស្វាយរៀង៖ សមត្ថកិច្ចខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញមុខជនសង្ស័យ ជាជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនជិត៩គីឡូក្រាម ដែលបង្ក្រាបបាននៅស្រុកស្វាយទាប ខេត្តស្វាយរៀង។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅថ្ងៃទី១៧កក្កដាថា ហេតុការណ៍នោះ បានកើតឡើងកាលពីសប្តាហ៍មុននៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប នៃខេត្តស្វាយរៀង។ នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចកម្ពុជាបានហៅជនសង្ស័យជាតិវៀតណាម ២រូប ដែលជិះម៉ូតូ ២គ្រឿងឈប់ ដើម្បីធ្វើការឆែកឆេរត្រួតពិនិត្យកញ្ចប់ឥវ៉ាន់ដែលពួកគេបានដឹក។ ជនសង្ស័យជាតិវៀតណាមទាំង២ បានប្រញាប់ផ្តួលម៉ូតូចោល ហើយរត់ចូលទៅក្នុងទឹកដីវៀតណាមវិញ ខណៈដែលកងកម្លាំងរត់ដេញតាមចាប់។ ជនសង្ស័យវៀតណាមម្នាក់ បានដកអាវុធខ្លីបាញ់សម្តៅដាក់មកលើសមត្ថកិច្ច ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងឡើយ។

កញ្ចប់ឥវ៉ាន់ដែលជនសង្ស័យទម្លាក់ចោលហើយបានរត់ចូលទៅក្នុងទឹកដីវៀតណាមនោះ ត្រូវបានរកឃើញថ្នាំញៀនកេតាមីនចំនួន ៩កញ្ចប់ ទម្ងន់ ៨ពាន់ ៨៦៣,៧៣ក្រាម, អាវុធខ្លីមួយដើម មានគ្រាប់ចំនួន ៤ និងអត្តសញ្ញាណបណ្ណវៀតណាមមួយសន្លឹក។

សេចក្តីរាយការណ៍ដដែលបានឱ្យដឹងថា បន្ទាប់ពីកិច្ចសហការពីសមត្ថកិច្ចវៀតណាម, ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេច។ បច្ចុប្បន្នសំណុំរឿង រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds