ភូមិពងទាខ្មែរ ក្លាយទៅជាអ្នកផ្គត់ផ្គង់ពងទាក្នុងស្រុកឈានមុខគេ និងអាចឈានទៅដល់កាផ្គត់ផ្គង់នៅលើឆាកអន្តជាតិ
ភូមិពងទាខ្មែរ គឺជាប្រភេទអាជីវកម្មបែបកសិកម្ម និងកសិឧស្សាហកម្មដោយចិញ្ចឹមទាយកស៊ុតនិងកែឆ្នៃជាផលិតផលសម្រេចនានា បង្កើតឡើងនៅឆ្នាំ២០១៦ ដោយលោកស្រី ម៉ោង ស្រីពៅ និស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
លោកស្រីមានទស្សនៈវិស័យដ៏វែងឆ្ងាយក្នុងការធ្វើជំនួញ និងដឹកនាំកសិដ្ឋាន គឺក្លាយទៅជាអ្នកផ្គត់ផ្គង់ពងទាក្នុងស្រុកឈានមុខទាំងសេវាកម្ម,ទាំងកាទទួលខុសត្រូវ,ទាំងចំនួននៃកាផ្គត់ផ្គង់,ទាំងគុណភាពនៅក្នុងស្រុកខ្មែរ និងអាចឈានទៅដល់កាផ្គត់ផ្គង់នៅលើឆាកអន្តជាតិ។ ជាពិសេសនោះគឺបង្កើតការងារជូនប្រជាសហគមន៍។
លោកស្រីម៉ោង ស្រីពៅ បានអោយដឹងថា«ភូមិពងទាខ្មែរ» គឺជាប្រភេទអាជីវកម្មបែបកសិកម្ម និងកសិឧស្សាហកម្ម ដែលកែច្នៃពងទា ទៅជាផលិតផលសម្រេចបានជាច្រើនមុខដូចជា ពងទាប្រៃ បណ្ដូលពងទាប្រៃ ដែលគេយកទៅធ្វើជានំប៉ាវ នំង៉ូវយីង ឆាជាមួយគ្រឿងសមុទ្រ ពិសេសមីពងទាខ្មែរ ឬអាចញុំាជាមួយស៊ុបក៏បានដោយមិនប៉ះណាល់ដល់សុខភាពអ្នកទទួលទាន»។
បើតាមលោកស្រី ស្រីពៅ «ភូមិពងទាខ្មែរ» បានចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតនៅឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដោយប្រជាពលរដ្ឋអាចមានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារ ធ្វើឱ្យជីវភាពគ្រួសារមានលក្ខណៈល្អប្រសើរជាងមុន ខណៈកន្លងមកនេះ ពួកគេបានចំណាកស្រុកទៅធ្វើការនៅថៃ ឬនៅរាជធានីភ្នំពេញ។
ម្ចាស់អាជីវកម្មរូបនេះបន្ថែមថា ការបង្កើតអាជីវកម្មមួយបាន មិនចាំបាច់ទាល់តែមានជំនាញទើបអាចបង្កើតបានទេ ឱ្យតែមានឆន្ទៈក្នុងការបង្កើតឡើង ភាពស្មោះត្រង់ ការតស៊ូ ផលិតផលមានគុណភាព ជាពិសេសត្រូវចេះបង្កើតផលិតផលឱ្យត្រូវតម្រូវការទីផ្សារ។ លោកស្រីថា« មានការចាប់អារម្មណ៍និងគាំទ្រច្រើនពីប្រជាពលរដ្ឋ ដោយសារតែលោកស្រីប្រកាន់យកនូវចំណុចពិសេសចំនួនដូចជា មានប្រភពច្បាស់លាស់, តម្លៃ, ទំនួលខុសត្រូវខ្ពស់, មានកាចុះបញ្ជីរត្រឹមត្រូវ និងមានតំណាងចែកចាយត្រឹមត្រូវ។ បច្ចុប្បន្ន «ភូមិពងទាខ្មែរ» បានកែច្នៃពងទាទៅជាផលិតផលសម្រេចជាច្រើនមុខ ដើម្បីបំពេញតម្រូវទីផ្សារ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកបរិភោគ ដោយសារតែមានគុណភាពល្អ និងតម្លៃសមរម្យ៕