អ្នកជំនាញ៖ ប្រហុកកម្ពុជា មិនទាន់អាចនាំចេញទៅលក់នៅទីផ្សារប្រទេសសហភាពអឺរ៉ុបបាននោះទេ
ភ្នំពេញ៖ មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការយូនីដូ(UNIDO) បានអោយដឹងថា ប្រហុកកម្ពុជាមិនទាន់អាចនាំចេញទៅលក់នៅទីផ្សារប្រទេសសហភាពអឺរ៉ុបបាននោះទេ ដោយសារកម្ពុជាមិនទាន់បានបំពេញតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ក្នុងការនាំចេញ។
លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការយូនីដូ បានឱ្យដឹងថា តាមពិតការអាចនាំផលិតផលជលផលចេញទៅកាន់ទីផ្សារអឺរ៉ុបបានចាំបាច់គេត្រូវចុះមកធ្វើសវនកម្មជាមុនសិនថាប្រព័ន្ធត្រួតពិនិត្យទៅលើសុវត្តិភាពម្អួបអាហាររបស់វិស័យជលផលរបស់យើងបានបំពេញតាមបែបបទដែលគេតម្រូវបានឬក៏អត់ ពេលនោះទើបគេអាចចុះឈ្មោះប្រទេសកម្ពុជា យើងអាចនាំចេញទៅលក់លើទីផ្សារអឺរ៉ុបបាន ។ នៅពេលសហភាពអឺរ៉ុបវាយតម្លៃហើយ ទើបកម្ពុជា យើងអាចនាំចេញទៅលក់លើទីផ្សារអឺរ៉ុបដូចប្រទេសដទៃទៀត។
លោកថា ”ខ្ញុំបានទៅទីក្រុងប៉ារីសប្រទេសបារាំង និងប្រទេសព័រទីហ្គាល់ឃើញមានលក់ប្រហុកខ្មែរក្នុងផ្សារទំនើបប្រទេសបារាំង ប៉ុន្តែការនាំចេញទៅលក់នៅទីនោះ គឺតាមរយៈប្រទេសវៀតណាម និងប្រទេសថៃដោយសារប្រទេសទាំង២នេះ អនុលោមតាមលក្ខខណ្ឌតម្រូវការនាំចេញរបស់សហភាពអឺរ៉ុប អញ្ចឹងមានន័យថាកម្ពុជា យើងមិនទាន់បំពេញតាមលក្ខខណ្ឌទាំងនេះ ម្ល៉ោះហើយនាំការនាំចេញទើបមិនអាចកើតឡើងរួចនៅឡើយ” ។
លោក ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល បានឲ្យដឹងដែរថា ប្រហុកជាអត្តសញ្ញាណតាំងពីជីដូនជីតាមក ប៉ុន្តែជាអកុសលដោយសារស្រុកទេសមានសង្គ្រាម ទើបមិនមានការអភិវឌ្ឍកែច្នៃប្រហុកខ្មែរឲ្យសមស្រប សម្រាប់ទាញយកប្រយោជន៍មកប្រើប្រាស់ឲ្យបានទូលំទូលាយនិងក៏ដូចជានាំចេញទៅលក់ក្រៅប្រទេស។
លោកបាន បន្ថែមថា ប្រហុកដែលកែច្នៃនេះមិនទាន់នាំចេញទៅក្រៅនៅឡើយទេ ព្រោះទើបតែសាកល្បងលក់ក្នុងទីផ្សារក្នុងស្រុកសិន។ គោលដៅរបស់សហគ្រាសគឺ នាំចេញទៅទីផ្សារអន្តរជាតិ។ជាមួយគ្នានេះរោងចក្រថ្មីរបស់ក្រុមហ៊ុនអាចផលិតកែច្នៃប្រហុកមួយថ្ងៃបានជាង១តោនចេញពីត្រូវធម្មជាតិ។ ម្សៅប្រហុកដែលកែច្នៃពីសហគ្រាសខនហ្វីរេលមាន ៥ រសជាតិផ្សេងគ្នា មានរសជាតិមធ្យម រសជាតិស្រាល រសជាតិដិត រសជាតិរំដេង និងរសជាតិស្លឹកក្រូចសើច។
លោក សេតធី ស៊ីថារ៉ាម៉ា ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការយូនីដូ(UNIDO) បានបញ្ជាក់ប្រាប់ជុំវិញបញ្ហានេះថា មិនទាន់មានផលិតផល ជលផល ណាមួយពីប្រទេសកម្ពុជាត្រូវបាននាំចេញជាផ្លូវការទៅប្រទេសនៅសហភាពអឺរ៉ុបនៅឡើយទេ។ ការនាំចេញផលិតផល ជលផល ទៅអឺរ៉ុបត្រូវគោរពស្តង់ដាខ្ពស់ជាពិសេសពាក់ព័ន្ធអនាម័យ និងសុវត្ថិភាពគុណភាព៕