​ប្រហុក​ខ្មែរ​កែច្នៃ​កាន់តែ​ទំនើប​មួយ​ថ្ងៃ​បាន ១ តោន កំពុង​ពង្រឹង​លទ្ធភាព​នាំ​ចេញទៅ​កាន់ទីផ្សាអន្តរជាតិ​

ប្រហុក​គឺ​ជា​មុខ​ម្ហូប​ដ៏​សំខាន់ ដែលគេ​និយម​ប្រើប្រាស់​ក្នុង​ការ​ចម្អិន​ជា​ម្ហូប​ខ្មែរ ដោយសារ​ប្រហុក​មាន​រសជាតិ​មិន​អាច​ខ្វះ​បាន និង​មាន​សារសំខាន់​សម្រាប់​វប្បធម៌​ខ្មែរ ខណៈក្រុមហ៊ុនមួយ​កំពុង​យ៉ាង​យកចិត្ត​ទុកដាក់​រក្សា​កិត្តិនាម​ម្ហូបខ្មែរ តាម​រយៈ​ការ​កែច្នៃ​ជា​ផលិតផល​ថ្មី និង​ដែល​កំពុង​សាកល្បង​បញ្ចេញ​លក់​លើ​ទីផ្សារ​ក្នុងស្រុក​មុន​ឈាន​ទៅ​ចាប់​ទីផ្សារ​នៅ​ក្រៅ​ប្រទេស។

តាម​រយៈ​ការ​បម្លែង​ប្រហុក​ឲ្យ​ទៅ​ជា​ម្សៅ មិន​ត្រឹម​តែ​រក្សា​អាហារ​ឆ្ងាញ់​បែប​ប្រពៃណី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ទុកដាក់ អនាម័យ​ខ្ពស់ និង​អាច​ប្រើប្រាស់​បាន​ទាំង​ម្ហូប​ខ្មែរ និង​​ម្ហូប​បរទេស​មួយ​ចំនួន​ទៀត​ផង។

លោក​ ហៃ លី​អ៊ាង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ខនហ្វីរេល​បាន​ឲ្យ​ដឹង​ថា ប្រហុក​ជា​អត្តសញ្ញាណ​តាំង​ពី​ជីដូនជីតា​មក ប៉ុន្តែ​ជា​អកុសល​ដោយសារ​ស្រុក​ទេស​មាន​សង្គ្រាម ទើប​មិន​មានការ​អភិវឌ្ឍ​កែច្នៃ​ប្រហុក​ខ្មែរ​ឲ្យ​សមស្រប​ សម្រាប់​ទាញ​យក​ប្រយោជន៍​មក​ប្រើប្រាស់​ឲ្យ​បាន​ទូលំទូលាយ​។ គម្រោង​កែច្នៃ​ប្រហុក​ជា​ម្សៅ មាន​គោល​បំណង​លើក​កម្ពស់​ប្រហុក​ប្រពៃណី​ខ្មែរ​ ដោយ​ប្រែ​ក្លាយ​ជា​ទម្រង់​ផលិតផល​ថ្មី ដែល​ងាយ​ស្រួល​ទុកដាក់​និង​ប្រកប​ដោយ​គុណភាព​ខ្ពស់។

លោក ហៃ លីអ៊ាង បាន​បញ្ជាក់ថា ប្រហុក​ដែល​កែច្នៃ​ថ្មី​អាច​ប្រើប្រាស់​ជា​គ្រឿង​ផ្សំ​​បន្ថែម​យ៉ាង​ល្អ​បំផុត សម្រាប់​មុខ​ម្ហូប​អឺរ៉ុប ដូចជា​ភីហ្សា ស្ពា​ហ្គឺទី ហ៊ែមបឺហ្គ័រ ឈីស​ជា​ដើម។ លោកថា «ប្រហុក​កែច្នៃ​នេះ​មានការ​ទទួល​គាំទ្រ​ខ្លាំង។ ខ្ញុំ​បាន​នាំ​ឲ្យ​ចុងភៅ​បារាំង​សាកល្បង។ មេ​ចុងភៅ​បារាំង​សរសើរ​និង​ទទួលស្គាល់​ពី​រសជាតិ​សម្រាប់​បន្ថែម​លើ​ម្ហូប​អាហារ។ ប្រហុក​របស់​យើង​ធំ​ក្លិន​ខ្លាំង ហើយ​ប្រទេស​ខ្លះ​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទេ។ ប៉ុន្តែ​ប្រហុក​កែច្នៃ​នេះ​មាន​រសជាតិ​ឆ្ងាញ់​ អាច​ទុក​បាន​យូរ ក្រៅ​ពី​អាច​ប្រើ​ក្នុង​សម្ល អាច​ជា​គ្រឿង​ផ្សំ​បន្ថែម​ក្នុង​អាហារ​បស្ចឹម​ប្រទេស​អត់​មាន​ធំ​ក្លិន​ឆ្អាប​នោះ​ទេ«។

បើតាមលោក ហៃ លី​អ៊ាង រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​អាច​ផលិត​កែច្នៃប្រហុក​​មួយ​ថ្ងៃ​បាន​ជាង​មួយ​តោន​ចេញ​ពី​ប្រហុក​ធម្មជាតិ​។ យ៉ាងណាមិញ ប្រហុក​ដែល​កែ​ច្នៃ​នេះ​មិន​ទាន់​នាំ​ចេញ​ទៅក្រៅ​ទេ ទើប​តែ​សាកល្បង​លក់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​សិន។ គោលដៅ​របស់​សហគ្រាស​គឺ នាំ​ចេញ​ទៅទីផ្សារ​អន្តរជាតិ។

លោកថា គុណភាព​ប្រហុក​កែច្នៃ​ពី​សហគ្រាស​​មាន​កម្រិត​ស្តង់ដា​ដែល​អាច​ប្រើ​ប្រាស់​គ្រប់​ម្ហូប​អាហារ​ជា​គ្រឿង​ផ្សំ​​ក្នុង​ម្ហូប​គ្រប់​ប្រភេទ រហូត​អាច​ប្រើប្រាស់​ជាមួយ​​អាហារ​បស្ចិម​ប្រទេស​បាន​។ លោក ហៃ លីអ៊ាង ប្រហុក​ជា​ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ នឹង​ទទួល​បាន​កម្មសិទ្ធិ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ម្សៅ​ប្រហុក​ដែលកែច្នៃ​ពីសហគ្រាស​ខនហ្វីរេល​មាន ៥ រសជាតិផ្សេង​គ្នា មាន​រសជាតិ​មធ្យម ​រសជាតិ​ស្រាល រសជាតិ​ដិត រសជាតិ​រំដេង និងរសជាតិ​ស្លឹក​ក្រូច​សើច។

ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​របស់​អង្គការ UNIDO លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បាន​ឲ្យ​ដឹង​ថា មិន​ទាន់​មាន​ផលិតផល​ជលផល​ណាមួយ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​នៅ​សហភាព​អឺរ៉ុប​នៅ​ឡើយ​ទេ។ ការ​នាំចេញ​ផលិតផល​ជលផល​ទៅ​អឺរ៉ុប​ត្រូវ​គោរព​ស្តង់ដា​ខ្ពស់​ជា​ពិសេស​ពាក់ព័ន្ធ​អនាម័យ និង​សុវត្ថិភាព​គុណភាព​។

លោក បាន​អះអាងថា អង្គការ UNIDO តាម​រយៈ​គម្រោង Capfish Capure កំពុង​គាំទ្រ​សហគ្រាស​ជលផល​ក្នុងស្រុក​ទាំង​បច្ចេកទេស​និង​ហិរញ្ញវត្ថុ ដើម្បី​កសាង​សមត្ថភាព​លើ​ការ​ពង្រឹង​ស្តង់​ដា​ផលិតផល​​ ក្នុងគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។

ដោយ​ទទួលបានការឧបត្ថម្ភថវិកាពីសហគមន៍អឺរ៉ុប គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលជាផ្នែកមួយនៃកម្មវិធី CAPFish-Capture ​ផ្តោត​លើ​ការ​ពង្រឹងសមត្ថភាព ស្ថាប័ននៃអាជ្ញាធរមាន​សមត្ថ កិច្ចក្នុងការបង្កើតប្រព័ន្ធ ត្រួត​ពិនិត្យ​គុណភាព សុវត្ថិភាពផលិតផលជលផល ជួយគាំទ្រដល់វិស័យឯកជនក្នុងការអភិវឌ្ឍ ការ​កែច្នៃ​ផលជលផល តាមរយៈការកសាងសមត្ថភាពជំនាញ ការអនុវត្តប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ ការ​គាំទ្រ​ថវិកា វិនិយោគ និងការបង្កើតយន្តការគាំទ្រដល់ធុរកិច្ច ដើម្បី​សម្រេចបានអនុលោម​ភាព​សុវត្ថិភាព​ម្ហូបអាហារ និ​ង​សម្រួលឱ្យមានការនាំចូល​ដោយផ្ទាល់និងជាផ្លូវការផលិតផល​ជលផល​កម្ពុជាចូលទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ ផ្តោតជាពិសេសទីផ្សារសហភាពអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds