ពិព័រណ៍«ពន្លកបៃតង» រយៈពេល ៣ ថ្ងៃ WA ចែកកូនឈើជាង១២០០ដើម ដល់អ្នកចូលរួមជិត៣០០នាក់
ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» រយៈពេល ៣ ថ្ងៃ នៅមុខក្រសួងបរិស្ថាន មានកូនឈើចម្រុះគ្រប់ប្រភេទជិត ១ លានដើម បានចែកដល់ពលរដ្ឋដែលបានចូលរួម ក្នុងនោះអង្គការ សម្ពន្ធ័មិត្តសត្វព្រៃ WA ក៏បានចែកកូនឈើជាង១២០០ដើម ដល់អ្នកចូលរួមជិត៣០០នាក់។
ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» បណ្ដុះគំនិតប្រជាពលរដ្ឋឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន។ ចំណែកអង្គការសម្ពន្ធ័មិត្តសត្វព្រៃ ដែលកំពុងធ្វើការក្នុងការអភិរក្សធនធានសត្វព្រៃ និងព្រៃឈើ ក៏បានចែកកូនឈើចំនួន១ ២២៦ដើម ដល់អ្នកចូលរួម២៩៥នាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិព័រណ៍ផ្សព្វផ្សាយនេះ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃមាន ដែលមានគោលបំណងការពារតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ និងធ្វើការដាំស្តារព្រៃឈើដែលបានបាត់បង់ឡើងវិញផងដែរ។ ការបរិច្ចាគនេះបានធ្វើឡើងឆ្លើយតបទៅនឹងការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីឆ្នាំមុន ដើម្បីធ្វើការដាំដើមឈើយ៉ាងតិចមួយលានដើមជារៀងរាល់ឆ្នាំ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានបានធ្វើការរួមគ្នាអស់រយៈពេលជាង២ ទសវត្សមកហើយក្នុងកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងនៅក្នុងពិធីបិទពិព័រណ៍ «ពន្លកបៃតង» នៅរសៀលថ្ងៃទី១២ ខែកក្កដាម្សិលមិញនេះ ខណៈដែលលោកបង្ហាញទិន្នន័យ ក្នុងពិព័រណ៍រយៈពេល ៣ ថ្ងៃ មានកូនឈើចម្រុះជាង ៩២ ម៉ឺនដើម បានចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំ។
បើតាមលោករដ្ឋមន្រ្តី ឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសចលនាការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឲ្យធ្វើនៅតាមរាជធានីខេត្ត៕