រដ្ឋមន្ត្រីបរិស្ថាន ប្រកាសពីភាពជោគជ័យពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ខណៈកូនឈើចម្រុះជាង៩២ម៉ឺនដើម ត្រូវបានពលរដ្ឋចុះឈ្មោះដើម្បីទទួលយកទៅដាំ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសពីភាពជោគជ័យពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា គឺមានកូនឈើចម្រុះជាង៩២ម៉ឺនដើម គឺមានប្រជាពលរដ្ឋមកទទួលនៅកន្លែងព័រណ៍នៅទីស្ដីការក្រសួងបរិស្ថានផង និងប្រជាពលរដ្ឋបានចុះឈ្មោះ ដើម្បីទទួលយកនៅពេលក្រោយផង។
ថ្លែងក្នុងឱកាសបិទពិព័រណ៍ដែលធ្វើឡើងនៅកម្ពុជាជាលើកដំបូង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអោយដឹងថា នេះជាការបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង ស្រឡាញ់បរិស្ថាន។ ឯកឧត្តមថា« ឆ្នាំក្រោយអាចបណ្តុះបាន៥លានដើម សម្រាប់ទុកចែកជូនប្រជាជនដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀត នឹងមានថ្នាលសម្រាប់បណ្តុះកូនឈើចំនួន១០លានដើម ក្នុងមួយឆ្នាំ»។
ឯកឧត្តមបណ្ឌិត បន្ថែមថា គោលការរបស់ខ្ញុំគឺទី១សាកល្បងទី១នៅភ្នំពេញ ទី២ធ្វ់ើនៅភ្នំពេញទៀតមិនសាកល្បងទេជំហ៊ានទី២ ឆ្លុះបញ្ជាំនៅដំណើរការការរៀបចំ នឹងលើកទី៣ អត់ធ្វើនៅភ្នំពេញទេគឺជូនខេត្តទាំងអស់ទាំង២៥ ខេត្តក្រុង តែម្តង។ ការងារដែលយើងធ្វើទីនេះជាជំហ៊ានទី១ហើយ យើងអត់រាប់ចឹងយើងរួមគ្នាទាំងខេត្ត និងក្រសួងរួមគ្នាធ្វើ ហើយជំហ៊ានបន្ទាប់គឺយើងចែកហើយដាំតែម្តង។
បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន កូនឈើចម្រុះដែលមានទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើពពួកព្រៃលិចទឹកនិងកោងកាង សម្រាប់ចែកឲ្យប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ គ្រាដែលក្រសួងបរិស្ថាន បានបណ្តុះកូនឈើជាង១,៣លានដើម ទុកចែកដល់ប្រជាពលរដ្ឋយកដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សាឆ្នាំ២០២៤នេះ ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឲ្យ បាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០។
សូមរំឡឹកផងដែរថា កូនឈើ ដែលធ្វើការចែកក្នុងឱកាសធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្នុងគោលបំណងបណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឲ្យស្រឡាញ់ដើមឈើ។ កូនឈើចម្រុះជាង៤ម៉ឺនដើម បានចែកឲ្យពលរដ្ឋ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ដោយប្រជាពលរដ្ឋដែលចូលរួមទទួលបានកូនឈើ ក្នុងម្នាក់ចំនួន១០ដើម សម្រាប់យកទៅដាំលើដីរបស់ខ្លួន ឬតាមទីសាធារណៈ៕