មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួន ជនសង្ស័យ២នាក់ និងថ្នាំញៀនជាង ២គីឡូក្រាម

(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ និងថ្នាំញៀនជាង ២គីឡូក្រាម ត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួន ពាក់ពន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣០នាទី។

ការបង្ក្រាបនេះ ដោយអនុវត្តតាមបញ្ជារបស់អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ លាង ស្រីពេញ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អ៊ុយ ណារី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២០៧៨ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ១៩៥.៣៦ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបចំនួន ២គីឡូ ២៧៣.៧៨ក្រាម)

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី៨ ខែកក្កដានេះ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់បង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅ៖ គោលដៅទី១ ស្ថិតនៅលើផ្លូវបេតុង ខាងក្រោយផ្សារប៉េសេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងគោលដៅទី២ ស្ថិតនៅសំណង់មិនរៀបរយ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនល្មើសខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open