ឧប នេត សាវឿន ៖ ៦ខែ នៃដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបអ្នកប្រើប្រាស់ ជិតមួយម៉ឺននាក់ និងរឹបអូសបានគ្រឿងញៀនជិត៤តោន
ថ្លែងក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយសមាគមសិល្បៈករខ្មែរ ស្ដីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា នៅក្នុងគ្រួសារមួយបើមានសមាជិកណាម្នាក់ប្រើប្រាស់គ្រឿងញៀនហើយ គ្រួសារនោះ ប្រៀបបាននឹងមានភ្នំភ្លើងមួយដែរ។
លោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពន្យល់ថា កាលណាក្នុងគ្រួសារមួយ មានសមាជិកណាម្នាក់ប្រើប្រាស់គ្រឿងញៀនហើយ គ្រួសារនោះនឹងវិនាសទ្រព្យសម្បត្តិ វិនាសកេរ្តិ៍ឈ្មោះ គ្រួសារជួបប្រទះភាពក្រីក្រ អាប់អួរគ្រប់យ៉ាង។ លោកថា «ក្នុងរយៈពេល៦ខែ នៃដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានឧក្រិដ្ឋជន អ្នកប្រើប្រាស់ ជិតមួយម៉ឺននាក់ និងរឹបអូសបានគ្រឿងញៀនក្នុងរង្វង់ជិត៤តោន»។
តាមលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ភាពជោគជ័យចុងក្រោយលើការលុបបំបាត់បញ្ហាគ្រឿងញៀន ជាពិសេសភាពជោគជ័យលើទប់ស្កាត់កុំឱ្យមានអ្នកប្រើប្រាស់គ្រឿងញៀន កើតឡើងទៅបាន នៅពេលដែលគ្រួសារមួយចេះគ្រប់គ្រងគ្រួសារសមាជិកខ្លួនឯងបាន គ្រួសារមួយពិនិត្យសមាជិកខ្លួនឯងបាន តាមរយៈការដាស់តឿនសមាជិកគ្រួសារជាប់ជាប្រចាំ ម្ដងហើយម្ដងទៀត។
លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវឱ្យភាគីពាក់ព័ន្ធជាពិសេសសិល្បករល្បីៗ ដែលមានកេរ្តិ៍ឈ្មោះ មានឥទ្ធិពលត្រូវជួយផ្សព្វផ្សាយដល់អ្នកគាំទ្រ ឱ្យបានយល់ដឹងពីឥទ្ធិពល ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បន្ថែមពីលើកិច្ចការងារដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ។ សម្រាប់លោក នេត សាវឿន សិល្បករខ្មែរ គឺមានឥទ្ធិពលណាស់ ក្នុងការជួយផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ទៅក្នុងសង្គមឱ្យបានជ្រួតជ្រាប។
លោក នេត សាវឿន បានឱ្យដឹងថា រយៈពេល៦ខែ នៃដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានឧក្រិដ្ឋជន អ្នកប្រើប្រាស់ ជិតមួយម៉ឺននាក់ និងរឹបអូសបានគ្រឿងញៀនក្នុងរង្វង់ជិត៤តោន។ តាមលោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រឿងញៀនក្នុងរង្វង់ជិត៤តោននេះ នៅមិនទាន់គិតបញ្ចូលនូវសារធាតុផ្សំរាប់រយគីឡូផ្សេងទៀតឡើយ៕