កម្មវិធីផ្ដល់អាហារតាមសាលារៀន ធ្វើអោយអត្រាកូនសិស្សចូលរៀនមានការកើនឡើង ខណៈអត្រាការបោះបង់ចោលការសិក្សាមានការធ្លាក់ចុះ
(សៀមរាប)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម អះអាងថា កម្មវិធីផ្ដល់អាហារតាមសាលារៀន ធ្វើអោយអត្រាកូនសិស្សចូលរៀនមានការកើនឡើង ខណៈអត្រាការបោះបង់ចោលការសិក្សាមានការធ្លាក់ចុះ។
ការថ្លែងបែបនេះនៅក្នុងឱកាសទស្សនកិច្ចទៅកាន់សាលារៀនដែលមានកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងសម្ពោធផ្ទះបាយនៅសាលាបឋមសិក្សាល្វា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
លោកបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងថា «កម្មវិធីផ្ដល់អាហារតាមសាលារៀន មានគោលបំណងចំនួន២សំខាន់ៗ ទី១ ចង់អោយកុមារមានភាពលូតលាស់ មានអាហាររូបត្ថម្ភគ្រប់គ្រាន ព្រោះអាហារនៅតាមសាលាគឺជាអាហារមានការថ្លឹងថ្លែងអំពីសារធាតុ អំពីធាតុចិញ្ចឹម ក៏ដូចជាភាពចម្រុះនៅក្នុងអាហារ ដើម្បីផ្តល់នៅកាឡូរីគ្រប់គ្រាន់ដើម្បីប្អូនសិស្សានុសិស្សផង និងទី២ ដើម្បីបង្កើតសមត្ថភាពដើម្បីស្រូបចំណេះដឹង ព្រោះអីការមកពីផ្ទះគាត់នៅឃ្លាននៅឡើយ គាត់រៀនមិនចូលចឹងយើងចង់អោយក្មេងៗផ្តោត និងយកចិត្តទុកដាលទៅលើមេរៀន»។
លោកបណ្ឌិតបន្តថា ទាំង២នេះជាគោលបំណង នៅក្នុងទិដ្ឋភាពសំខាន់នៅក្នុងកិច្ចគាំពារសង្គម ដែលជាកត្តាដំបូងគេបំផុតនៅក្នុងដំណើរការវិវត្តមូនលធនមនុស្ស។ ការវិវត្តមូនលធនមនុស្ស ទី១គឺខួក្បាល មានសម្ថភាពគ្រប់គ្រាន ទី២គាត់ស្រូបយកអ្វីដែរអ្នកគ្រូលោកគ្រូផ្តល់ជូនគាត់អោយបានគ្រប់គ្រាន់។
កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៤នេះ បានទៅដល់គោលដៅចំនួន៥៥៣សាលារៀន ដោយមានសិស្សសាលាកម្រិតបឋមសិក្សា ជាអ្នកទទួលផលចំនួន ១៥៣,៥៨៦នាក់។
កម្មវិធីផ្តល់អាហារតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម៦៤សាលា មានអ្នកទទួលផល ៣៧៥០០នាក់ ចាប់តាំងពីឆ្នាំ១៩៩៩មក។ កម្មវិធីនេះដំបូងឡើយ ត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។
កម្មវិធីនេះបានវិវត្តជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ៕