សហភាពពលកម្មជាតិកម្ពុជា ព្រមានទៅកាន់សង់ត្រាល់ បើមិនកែតម្រូវរបាយការណ៍ខ្លួននោះទេ នឹងធ្វើបាតុកម្មប្ដឹងទៅតុលាការ ឲ្យរំលាយអង្គការមួយនេះ
ភ្នំពេញ៖ ប្រសិនបើមជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា សង់ត្រាល់ មិនកែតម្រូវនូវរបាយការណ៍របស់ខ្លួន ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពរបស់សហជីព ដែលមានលក្ខណៈញុះញង់ បង្កអសន្តិសុខ និងលាបពណ៌ឲ្យមានការរើសអើងរវាងសហជីពនៅកម្ពុជា សហភាពពលកម្មជាតិកម្ពុជា បានព្រមានទៅកាន់សង់ត្រាល់ បើមិនកែតម្រូវរបាយការណ៍ខ្លួននោះទេ នឹងធ្វើបាតុកម្មប្ដឹងទៅតុលាការ ឲ្យរំលាយអង្គការមួយនេះ។
ថ្លែងក្នុងពេលនាំយកញ្ញត្តិជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោក តែម តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឲ្យដឹងថា របាយការណ៍របស់សង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងវិស័យផ្សេងៗទៀតនោះឡើយ។ លោកថា «តែផ្ទុយទៅវិញរបាយការណ៍នេះ បានបង្ហាញពីអំពីចរិកនយោបាយ បន្ទច់បង្អាក់ បង្កាច់បង្ខំ បំភ្លៃការពិត បំផ្លាញមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ប៉ពាល់ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងកម្មករនិយោជិត តាមបង្គាត់បញ្ជាប្រទេសម្ចាស់ជំនួយរបស់ខ្លួន ហើយបើអង្គការមួយនេះ មិនកែតម្រូវរបាយការណ៍ខ្លួននោះទេ នឹងធ្វើបាតុកម្មប្ដឹងទៅតុលាការ ឲ្យរំលាយអង្គការមួយនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ អង្គការសង់ត្រាល់ បានចេញរបាយការណ៍មួយ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជា ដែលចោទថាមានការរឹតត្បិត ឬរារាំងជាដើម ដោយដកស្រងសម្តីត្រឹមអង្គការប្រមាណ១០ប៉ុណ្ណោះ ដែលធ្វើឲ្យសហជីពជាច្រើនពាន់ទៀត បានប្រតិកម្ម និងស្នើឲ្យមានការកែតម្រូវ ។
ជាមួយនេះ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានកំណត់រយៈពេល ៣០ថ្ងៃ ដើម្បីឲ្យលោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ ផ្ដល់ព័ត៌មានរាល់គណនី ដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងប្រទេសកម្ពុជា ជាការឆ្លើយតបលោក មឿន តុលា ថានឹងផ្ដល់ព័ត៌មានដល់ក្រសួងមហាផ្ទៃ៕