ក្រសួងបរិស្ថាន ដាក់ឱ្យប្រើប្រាស់ក្រមបរិស្ថាននិងធនធានធម្មជាតិ

ភ្នំពេញ៖ ក្រមបរិស្ថាន និងធនធានធម្មជាតិ បានប្រើប្រាស់ ពេលវេលាប្រមាណ៨ឆ្នាំដើម្បីបង្កើតនិងចងក្រងឡើង ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ នារសៀលទី២៨ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះការប្រកាសឱ្យប្រើប្រាស់ ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលនឹងយកទៅប្រើប្រាស់ក្នុង បុព្វហេតុការពារបរិស្ថាននិងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនឹងសង្គម និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលត្រូវបានរៀបចំ ឡើង ដោយអនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីតម្រង់ ទិស និងចង្អុលបង្ហាញអំពីអាទិភាពការងារ ក្នុងការលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ការការពារធនធាន ធម្មជាតិ និង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង»និង «ចីរភាព» សំដៅឆ្ពោះ ទៅ សម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្រមបរិស្ថាននិង ធនធានធម្មជាតិ ត្រូវបានចែកជា១២កន្ធី និងមានមាត្រាសរុប ៨៦៥ ហើយ បានបញ្ជាក់អំពីតម្រូវការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធចំនួន១៣១ ដើម្បីគាំទ្រការអនុវត្តឱ្យបានពេញលេញ។ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយក្នុង ក្របខណ្ឌជាតិនិងសកល ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពនៃការចូលរួម អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ សំដៅជំរុញអនុវត្តយុទ្ធសាស្ត្រ ចក្រាវីស័យបរិស្ថាន ២០២៣-២០២៨ ដើម្បីសម្រេចបាននូវ ភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន បានធ្វើការបោះពុម្ពក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីចែកជូនដល់ បណ្តាភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនោះ ភាគីពាក់ព័ន្ធ ក៏អាចធ្វើការទាញ យកឯកសារក្រមនេះ (Download) ទាំងជាភាសារខ្មែរ និងអង់គ្លេស ពី ប្រព័ន្ធ QR-Code ដែលមានដាក់ជូនជាសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds