អ្នកជំនាញ ៖ វិស័យដឹកជញ្ជូនមានកំណើនជាបណ្តើរៗ ទោះបីជាការបន្តអូសបន្លាយនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែន
ប្រធានសមាគមភស្តុភារកម្មកម្ពុជា អះអាងថា វិស័យដឹកជញ្ជូនមានកំណើនជាបណ្តើរៗ ទោះបីជាការបន្តអូសបន្លាយនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយដែលងបង្ករឱ្យមានការឡើងចុះនៃតម្លៃប្រេងក្តី។
ថ្លែងប្រាប់កម្ពុជាថ្មី លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអោយដឹងថា សម្រាប់រយៈពេលប៉ុន្មានខែដើមឆ្នាំនេះសកម្មភាពនាំចេញនាំចូលរបស់កម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុនៗ ប៉ុន្តែអត្រាកំណើននេះគឺខ្ពស់ដូចអត្រាកំណើនមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩នោះទេ។
លោកបន្ថែមថា ទោះយ៉ាងណាក៏ដោយ យើងសង្កេតឃើញថាវិស័យដឹកជញ្ជូនយើងទាំងផ្លូវទឹក អាកាសនិងផ្លូវគោក៏មានកំណើនដែរក្នុងអត្រាគួរសមដែរ គ្រាន់តែថាកំណើននេះមិនទាន់មុនសម័យកូវីដ១៩នោះទេ។ លោកថា«ចំពោះតម្លៃដឹកជញ្ជូនក៏មិនមានការកើនឡើងដែរ បើទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបង្ករដោយសង្រ្គាមរុស្សីនិងអ៊ុយក្រែន។ ផ្ទុយទៅវិញទិសដៅដឹកជញ្ជូនមួយចំនួនបានធ្លាក់ថ្លៃផងដែរ»។
បើតាមលោកស៊ីន ចន្ធី « វិបត្តិនៅអាមេរិក និងអឺរ៉ុប ចាប់ផ្ដើមមានការធូរស្រាល ធ្វើឱ្យប្រជាជនមានលទ្ធភាពអាចធ្វើដំណើរកម្សាន្តចេញទៅបណ្ដាប្រទេសផ្សេងៗ ទើបធ្វើឱ្យមានតម្រូវការសម្លៀកបំពាក់ និងសម្ភារធ្វើដំណើររផ្សេងៗទៀតកើនឡើង»៕