មន្ត្រីរាជការ ពលរដ្ឋ និងសិស្សានុសិស្ស បង្ហាញការគាំទ្រឱ្យបណ្តុះគំនិតស្រឡាញ់ធម្មជាតិ និងសត្វព្រៃ
ភ្នំពេញ៖ ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការពារសត្វព្រៃ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ខណៈក្រសួងស្ថាប័នមួយចំនួន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល កំពុងអនុវត្តភារកិច្ចនេះ ជាក់ស្តែងក្រសួងបរិស្ថាន ជាស្ថាប័នមួយទទួលខុសត្រូវដោយផ្ទាល់លើកិច្ចការងារនេះ បាននឹងកំពុងចុះធ្វើយុទ្ធនាការផ្សព្វផ្សាយគ្រប់រូបភាពពីសារៈសំខាន់នៃពីព្រៃឈើ និងសត្វព្រៃ។
ទន្ទឹមការផ្សព្វផ្សាយគ្រប់រូបភាពពីការអភិរក្សសត្វព្រៃ និងព្រៃឈើព្រះសង្ឈ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សបានបានយល់ដឹងយ៉ាងច្រើនអំពីអត្ថប្រយោជន៍ នៃព្រៃឈើ និងសត្វព្រៃ លោកជុំ អូន បានអោយដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើងបានយល់ដឹង និងការស្រឡាញ់ព្រៃ ព្រមទាំងសត្វព្រៃ ជាពិសេសស្រទាប់យុវវយកាន់ច្រើនឡើងបាននាំគ្នាធ្វើទេសចរណ៍តាមតំបន់ភ្នំ និងព្រៃឈើ។ លោកថា «អ៊ឹចឹងវាគួរតែជាពេលវេលាដែលយើងជួយថែរក្សាព្រៃឈើទាំងអស់គ្នា តាមពិតខ្ញុំយល់ថាយើងរួមគ្នាបញ្ឈប់កុំនាំគ្នាហូបសាច់ព្រៃ គួរតែមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ខ្ញុំគិតថាយើងគួរមានការបណ្តុះគំនិតឱ្យមានការស្រឡាញ់ធម្មជាតិ ចាប់ផ្តើមពីយុវវ័យ និងអប់រំកូនចៅយើងឱ្យជួយថែរក្សាសត្វព្រៃ និងព្រៃឈើយើងឱ្យមានគង់វង្ស»។
លោក ជុំ អូន បានបន្ថែមថា ទាល់តែយើងជួយគ្នា ទើបធនធានធម្មជាតិ និងសត្វព្រៃអាចនៅគង់វង្ស បើយើងមិនជួយគ្នាទេ យើងពិបាកការពារណាស់ ពីព្រោះមនុស្សតែ ១នាក់ ឬ ១ក្រុម មិនអាចការពារធនធានធម្មជាតិ និងសត្វព្រៃបាននោះទេ។
ដោយឡែកលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលមិនតយកសាច់សត្វព្រៃ សម្រាប់ធ្វើជាមុខម្ហូបជូនភ្ញៀវពិសា។ លោកស្រីថា «ជាធម្មតាពេលខ្ញុំចុះបេសកកម្មនៅតាមខេត្តនាងខ្ញុំតែងតែលើកទឹកចិត្តដល់បងប្អូនជនជាតិភាគតិច កុំឱ្យបរិភោគសាច់សត្វព្រៃ សត្វព្រៃ ជាសត្វដែលកម្រ ប្រសិនបើផុតពូជកូនចៅជំនាន់ក្រោយរបសើយើងលែងបានឃើញ និងស្គាល់ បើយើងទាំងអស់គ្នាមិនបរិភោគ ក៏ភោជនីយដ្ឋាន មិនលក់បន្តទៀតដែរ»។
ចំណែកយុវសិស្សមកពីវិទ្យាល័យពោធិ៍សាត់ បានគាំទ្រចំរាល់សកម្មភាពការពារធនធានធម្មជាតិ និងរួមគ្នាអភិរក្សសត្វព្រៃកម្រៗ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាចំណែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ជាពិសេសរួមគ្នាបញ្ឈប់ការចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃដោយខុសច្បាប់ជាដើម៕