អភិបាលស្រុកវាលវែង៖ ដីព្រៃប្រមាណ៤ម៉ឺនហិកតា ដែលត្រូវបានជនល្មើសទន្ទ្រានកាន់កាប់ជាលក្ខណៈឯកជនត្រូវបានរឹបអូសយកមកវិញ
ថ្លែងក្នុងឱកាសទទួលកូនឈើចម្រុះចំនួន២ម៉ឺនដើម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោយមានការបញ្ជាពីប្រមុខ រាជរដ្ឋាភិបាល, រដ្ឋបាលស្រុកវាលវែង បានធ្វើការទប់ស្កាត់ និងដករហូតយកមកវិញ នូវដីព្រៃឈើប្រមាណ៤ម៉ឺនហិកតា ដែលត្រូវបានជនល្មើសទន្ទ្រានកាន់កាប់ជាលក្ខណៈឯកជន ហើយរឹបអូសយកមកវិញនេះ គឺភាគច្រើននៅតាមបណ្តោយជើងភ្នំ១៥០០។
លោកអភិបាលរងស្រុកវាលវែងខាងលើ បានឱ្យដឹងថា រដ្ឋបាលស្រុកវាលវែង កំពុងរៀបចំតំបន់ភ្នំ១៥០០ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ គ្រាដែលប្រមុខរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់អភិរក្សជីវៈចម្រុះនៅក្នុងតំបន់នេះ។ ក្នុងនោះកូនឈើចម្រុះចំនួន២ម៉ឺនដើមមានដូចជា ធ្នង់ គ្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ដែលទទួលបានពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងយកទៅដាំបំពេញបន្ថែមឡើងវិញ នៅតំបន់ដែលត្រូវ បានឈូសឆាយទាំងនោះ។
ជាមួយគ្នានេះដែរ លោក ម៉ុម បូផាន់ បានស្នើដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយអាជ្ញាធរ ក៏ដូចជារដ្ឋបាល ស្រុកវាលវែង ជួយរកដំណោះស្រាយដើម្បីបញ្ចប់ការកាប់ទន្ទ្រានព្រៃឈើ និងការយកដីព្រៃនៅក្នុងតំបន់ ស្រុកវាលវែង ជាពិសេសនៅតាមតំបន់ទេសភាពភ្នំ១៥០០ ខណៈដីនៅតំបន់នោះកំពុងមានតម្លៃ ដែលធ្វើ ឱ្យប្រជាពលរដ្ឋនាំគ្នាកាប់ទន្ទ្រានព្រៃ ដើម្បីយកទៅលក់ ដោយសារមានការបំផុសពីមេខ្យល់ ឬមេខ្លោង ជាជនខិលខូចក្នុងបំណងទន្ទ្រានកាន់កាប់ដីរដ្ឋ។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ដីនិងព្រៃឈើនៅអមតាមបណ្តោយ«ផ្លូវអន្ទង់អាំង» ឬ «ផ្លូវបុប្ផាលាក់ខ្លួន» ស្ថិតលើ ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយ១០គីឡូម៉ែត្រ (និយាយតាមផ្លូវវាង) ឬមាន ចម្ងាយ១០គីឡូម៉ែត្រ (និយាយតាមផ្លូវត្រង់) គឺមិនអនុញ្ញាតឱ្យឈូសឆាយដើម្បីអភិវឌ្ឍន៍ផ្សេងៗ ដូចជារមណីយដ្ឋានទេសចរណ៍ និងអាហារដ្ឋាន បង្គន់អនាម័យអ្វីទាំងអស់នោះឡើយ ដោយត្រូវ រក្សាឱ្យបានល្អ សម្រាប់ទេសចរគយគន់ទស្សនា៕