សមាគមសហគ្រិនស្ត្រីកម្ពុជាស្វែងរកទីផ្សារថ្មី តាមរយៈការបង្កើតជំនួបជាមួយបណ្តាញធុរកិច្ច
សមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំកម្មវិធី ជំនួបជាមួយបណ្តាញធុរកិច្ច Business Networking Night ជាលើកដំបូងសម្រាប់អាណត្តិទី៥ ដោយមានការចូលរួមពីដៃគូ អូស្ត្រាលី ឥណ្ឌូនេស៉ី ឥណ្ឌា និង អាមេរិកជាដើម។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
កម្មវិធីនេះជំនួបជាមួយបណ្តាញធុរកិច្ចដ៏ធំនេះ មានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោកស្រីលេខាទី១ នៅស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោកសានឌីប ម៉ាជុមដា ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្ម នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកស្រី គីម តុលតាន់ ក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និង លោក Kenneth Tang ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលីប្រចាំកម្ពុជា ផងដែរ។
ថ្លែងក្នុងកម្មវិធីនោះប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកជំទាវចាន់ ភារី បានលើកឡើងថា គោលបំណង នៃកម្មវិធីនេះ គឺដើម្បីបង្កើតឱកាសស្វែងរកទីផ្សារថ្មី ក៏ដូចជាដៃគូសហការថ្មីៗ បង្កើនការលក់ ស្គាល់ពីផលិតផលសមាជិកដែលបានដាក់តាំងបង្ហាញ និង ពិសេសទៅទៀតនោះគឺ ទំនាក់ទំនងរវាងសមាជិក ជាមួយនឹង សមាគមផ្សេងទៀត ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោកជំទាវថា«កន្លងមក សមាគមធ្លាប់បានធ្វើកិច្ចការនេះច្រើនដែរហើយ ប៉ុន្តែនៅពេលនេះ ក្នុងនាមប្រធានសមាគមអាណត្តិថ្មី បានជំរុញបង្កើតព្រឹត្តិការណ៍បែបនេះបន្ថែមទៀត ដើម្បីផ្តល់ឱកាស ដល់សមាជិកថ្មីៗ អាចសិក្សាស្វែងយល់ ពីរបៀបនៃការទំនាក់ទំនងដៃគូពាណិជ្ជកម្ម ក៏ដូចជាលើកទឹកចិត្តដល់ស្ត្រីដែលជាម្ចាស់សហគ្រាសតូច ធំ អាចបញ្ចេញនូវសមត្ថភាព និង ភាពក្លាហារបស់ខ្លួនអោយដៃគូអន្តរជាតិបានដឹង ថាស្ត្រីកម្ពុជាពិតជាអាចធ្វើបាន»។
ដោយឡែកលោក Kenneth Tang ប្រធានសភាពាណិជ្ជកម្មអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា លោកពិតជាចាប់អារម្មណ៍ទៅលើ កម្លាំងសាមគ្គីរបស់សហគ្រិនស្ត្រីកម្ពុជា ព្រោះកន្លងមកក្នុងនាមជាសភាពាណិជ្ជកម្មអូស្ត្រាលី ក៏ធ្លាប់បានចាប់ដៃគូអាជីកម្ម និងគាំទ្រលើកគម្រោងមួយចំនួនដល់ សមាគមផងដែរ ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះ លោកសង្ឃឹមថា លោកនឹងមានឱកាសបន្តធ្វើជាដៃគូសហការបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម។
គួររំលឹកថា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងអោយសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងបានដើរតួនាទីដ៏សំខាន់ នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយរួមដើម្បីផ្តល់នូវផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិ៕