សហជីពពន្លឺកម្មករ ដាក់ញត្តិស្នើសុំម្ចាស់ជំនួយឱ្យពិចារណាឡើងវិញ ចំពោះការគាំទ្រដល់អង្គការសង់ត្រាល់

បន្ទាប់ពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិ​មនុស្ស​ហៅកាត់ «សង់ត្រាល់»បានចេញរបាយការណ៍មួយដែលមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្មករនិយោជិត នៅកម្ពុជា សហភាពសហជីពពន្លឺកម្មករ ដែលតំណាងឱ្យកម្មករនិយោជិត៤ម៉ឺននាក់ បាន​ដាក់​ញត្តិ​នៅ​ស្ថាន​ទូតអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ដើម្បីស្នើសុំនាយកអង្គការ USAID ប្រចាំកម្ពុជា គិតគូរ​ឡើងវិញពីការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់«សង់ត្រាល់»។

អ្នកស្រី សៀ គន្ធា អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ និងជាប្រធាន​សហព័ន្ធ​សហជីព​ការងារ​ស្ត្រីក​ម្ពុជា បានឱ្យដឹងថា ការដាក់ញត្តិនេះគោលបំណងសំខាន់បំផុតគឺដើម្បី ឱ្យម្ចាស់​ជំនួយ USAID គិតគូរឡើងវិញ អំពីកញ្ចប់ថវិការឧបត្ថម្ភដល់អង្គការសង់ត្រាល់ និងណែនាំ​ឲ្យ​អង្គការ​នេះ​ធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមលក្ខខន្តិក:របស់ខ្លួន ជាពិសេស​ឲ្យ​ស្រប​តាម​ច្បាប់របស់កម្ពុជា។

អ្នកស្រីថា «របាយការណ៍សង់ត្រាល់​លើកឡើងពីការរឹតត្បិត បំភិតបំភ័យ គំរាមកំហែង បៀតបៀន បិទ​សិទ្ធិ​សេរីភា​ព​ការងារ​កម្មករ​និយោជិតនៅកម្ពុជា ដោយសម្ភាសន៍រោងចក្រតែ១៤ ក្នុងចំណោម​រោង​ចក្រ​ដែល​មាន​រហូត​ដល់​៧០៣រោងចក្រ របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្ដរជាតិ (ILO-BFC)»

អ្នកស្រីបញ្ជាក់ថា ខ្លឹមសារនៃរបាយការណ៍សង់ត្រាល់ គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះ​ពាល់​កិត្តិយស​ជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផល ប្រយោជន៍រួមរបស់កម្មករ និយោជិត​នៅ​កម្ពុជា​ទាំងមូល។ ជាពិសេសរបាយការណ៍នេះ មានចរិតនយោ បាយ និងញុះញុង លាបពណ៌ ឲ្យ​មានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅ កម្ពុជា។

អ្នកស្រីថ្លែងថា«សង់ត្រាល់គឺជាអង្គការមួយដែលចេញរបាយការណ៍មានលក្ខណៈ នយោបាយ អុជអាល បំផុសបំផុល បំបែកបំបាក់សាមគ្គី របស់សហជីពនិងសហជីព និងធ្វើការបំភាន់ ការ​យល់​ឃើញរវាងគ្នានិងគ្នា ប៉ះពាល់ដល់ស្ថេរភាពសហជីពនៅក្នុងប្រទេសកម្ពុជា ប៉ះ​ពាល់​ដល់​ការងារ និងផលប្រយោជន៍កម្មករនិយោជិតកម្ពុជាទាំងមូល»

ក្រៅពីនេះ អង្គការសង់ត្រាល់ជាអង្គការបានចុះបញ្ជិកា នៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជា ទៅ​លួច​ផ្ដល់​ថវិកាដើម្បីចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួន ដែលផ្ទុយពីលក្ខ ខន្តិកៈ​របស់ខ្លួនថែមទៀតផង។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើនិងកំពុងបន្តធ្វើ គឺមិន បានអនុលោមតាមលក្ខខន្តិកៈ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីអង្គការសមាគម និងច្បាប់​ស្តីពី​ការងារកម្ពុជាឡើយ។

តំណាងកម្មករ និយោជិត អ្នកស្រី អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ បាន​បង្ហាញ​ការ​ព្រួយ​បារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ ដល់ស្ថិរភាពការងារ និង ផលប្រយោជន៍របស់កម្មករ និយោជិត និងស្នើសុំយ៉ាងទទូចដល់នាយក អង្គការUSAID ធ្វើការ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ឧបត្ថម្ភ​កញ្ចប់ថវិកាសម្រាប់ធ្វើ សកម្មភាពដល់អង្គការសង់ត្រាល់ និងសូមឲ្យអង្គការសង់ត្រាល់ ធ្វើ​សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds