រយៈពេល ២២ថ្ងៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»បានទទួលថវិកាជាង $២,៧០ម៉ឺន

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានទទួលថវិកាបរិច្ចាគ ពីប្រជាពលរដ្ឋចំនួន ២,៧២០,៥២៨ដុល្លារ ដោយក្នុងរយៈពេល ២២ថ្ងៃមកនេះ ទំហំទឹកប្រាក់ដែលមូលនិធិទទួលបានមានការកើនឡើងលើសពីយុទ្ធនាការពេញមួយខែនៃឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអោយដឹងថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយប្រមាណជាង៤២លានដុល្លារ ហើយប្រភពចំណូលយើងបានពីមូលនិធិគន្ធបុប្ផាវេជ្ជបណ្ឌិតបេអ៊ាត អតីតប្រធានមន្ទីពេទ្យ ដែលបានចុះបញ្ជីនៅប្រទេសស្វិស ថវិការពីសប្បុរសជន ពីការរដ្ឋាភិបាលដែលបានពីការលក់សំបុត្រចូលទស្ស​នាអង្គរវត្តដោយទុក២ដុល្លាក្នុងមួយសំបុត្រសម្រាប់មន្ទីរពេទ្យ ព្រមទាំងព្រះរាជអំណោយពីព្រះមហាក្សត្រ និងព្រះមហាក្សត្រី។

សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នឹងធ្វើឡើងរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ យុទ្ធនាការនេះទទួលបានការការគាំទ្រយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរ។ លោកជំទាវបណ្ឌិត ចាត់ទុកការចូលរួមនេះ សបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព «ខ្មែរជួយខ្មែរ» របស់ប្រជាជាតិយើងទាំងមូល និងបានអំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds