TVET Day លើកទី៧ បានបញ្ចប់ដោយជោគជ័យ មានអ្នកចូលទស្សនាប្រមាណ ៦ម៉ឺន ៥ពាន់នាក់

ភ្នំពេញ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលរៀបចំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានអ្នកចូលរួមសរុបប្រមាណ៦ម៉ឺន ៥ពាន់នាក់

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីបិទ បានថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) ជាស្ពានចម្លងមួយដែលត្រូវការរយៈពេលខ្លី ប៉ុន្តែមានកម្មវិធីបង្រៀន ក៏ដូចជាម៉ោងរៀនបត់បែនដែលអាចផ្តល់ឱកាសដល់យុវជន ក៏ដូចជាកម្មករនិយោជិត ឬបុគ្គលទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធអាចជ្រើសរើស ជាកន្លែងសម្រាប់ បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក៏ដូចជាសម្រាប់តម្លើងកម្រិតជំនាញបន្ថែមបាន ឬមួយក៏អាចធ្វើការផ្លាស់ប្តូរជំនាញទៅតាមអ្វីដែលខ្លួនចង់ផ្លាស់ប្តូរបាន។

ឯកឧត្តមបញ្ជាក់ថា ដើម្បីឱ្យកម្មវិធី TVET មានការគាំទ្រកាន់តែផុលផុសបន្ថែមទៀត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើសកម្មភាពស្រុះគ្នា ទើបTVET អាចបញ្ជ្រាបទៅក្នុងទស្សនៈយុវជន និងសង្គម ហើយទទួលយក TVET ជាស្ពាន ជាថ្នាលដែលអាចធ្វើឱ្យជីវិត របស់ប្រជាពលរដ្ឋម្នាក់ៗ ដែលគ្មានជំនាញពីមុនក្លាយទៅជាអ្នកមានជំនាញមួយយ៉ាងតិចនៅក្នុងជីវិត។ ចំណែកអ្នកដែលធ្លាប់មានហើយក៏ដោយ ក៏អាចធ្វើការផ្លាស់ប្តូរជំនាញដើម្បីឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ មានជំនាញមានផលិតភាពស្របតាមតម្រូវការទីផ្សារការងារ ស្របតាមរចនាសម្ព័ន្ធនៃសេដ្ឋកិច្ច និងការវិនិយោគថ្មីៗ។

ឯកឧត្តម ថ្លែងថា៖«យើងសង្ឃឹមថា យុវជនដែលទើបតែដល់វ័យ ចូលទីផ្សារការងាររើសជំនាញ TVET មួយដែលទីផ្សារកំពុងត្រូវការ ជំនាញដែលប្រើប្រាស់បច្ចេកវិទ្យា ជាជំនាញដែលប្រើប្រាស់បច្ចេកទេស ហើយធ្វើឱ្យខ្លួនគាត់អាចចាប់យកឱកាសការងារ ប្រាក់ខែខ្ពស់ មានលក្ខខណ្ឌការងារល្អជាងមុន មិនប្រើកម្លាំងបាយដូចមុន។»

លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញថា អ្នកដែលបានចូលរួមទិវាជាតិក្នុងឆ្នាំនេះមានចំនួនសរុបប្រមាណ ៦ ម៉ឺន ៥ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំដំបូងដែលមានអ្នកចូលរួមប្រមាណតែ ៣ ម៉ឺននាក់ប៉ុណ្ណោះ ហើយកំណើនទ្វេគុណនេះបានបង្ហាញឱ្យយើងឃើញថា សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសសិស្សានុ សិស្សបាននិងកំពុងងាកមកចាប់អារម្មណ៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែច្រើនជាងមុន។

សូមជម្រាបជូនថា ក្នុងទិវាជាតិនេះ ក្រសួងបានរៀបចំឱ្យមានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ ខ្សែសង្វាក់ផលិតកម្ម ការធ្វើតេស្តវាយតម្លៃសមត្ថភាព ព្រមទាំងសមិទ្ធផល និងស្នាដៃផ្សេងៗ បង្កប់នូវគំនិតឆ្នៃប្រឌិត និងការបង្កើតថ្មីជាច្រើន ជាពិសេស ការបង្ហាញជូនដល់សាធារណជនបានទស្សនាដោយផ្ទាល់នូវរ៉ូបូតផលិតដោយក្រុមនិស្សិតខ្មែរ ដែលមានសមត្ថភាពអាចនិយាយឆ្លើយឆ្លងគ្នាបានរហូតដល់ ៦ភាសា។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាទាក់ទងនឹងប្រធានបទសំខាន់ៗជាច្រើន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានអំពីឱកាសទទួលបានជំនាញ និងអត្ថប្រយោជន៍ផ្សេងៗពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds