រដ្ឋមន្រ្តីការងារ ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែន

ភ្នំពេញ៖ ថ្លែងក្នុងឱកាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងការងារ បានអោយដឹងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែន។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ផ្តល់ឱកាស «ការសិក្សាពេញមួយជីវិត» ដល់ប្រជាពល​រដ្ឋទូទៅ យុវជន ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិត ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការប្រែប្រួល នៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

លោកថា« ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចឱ្យសិស្សបន្តការសិក្សាបាន និងអាចបំពេញការងារបានក្នុងពេលតែមួយ ដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារ»

បើតាមលោក ហេង សួរ ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្តល់ឱ្យអ្នកសិក្សា​នូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងចូលរួមកាត់បន្ថយគម្លាតជំនាញនៅក្នុងទីផ្សារការងារ។

លោកបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់យើងមានភាពធន់​នឹងការបម្រែបម្រួលនៃស្ថានភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច, ទីផ្សារការងារ, ការវិវត្តនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងជួយ​ឱ្យយុវជនចាប់យកឱកាសការងារបានឆាប់រហ័ស កាត់បន្ថយភាពឥតការងារធ្វើ, ក៏ដូចជាជំរុញការចូលរួមចំណែករបស់យុវជន​បានកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់​ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងក្នុងពេលបច្ចុប្បន្ន និងទាំងសម្រាប់ពេលអនាគត សំដៅជំរុញកែប្រែ និងធ្វើទំនើបកម្មរចនា​សម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងចូលរួមចំណែកសម្រេចឱ្យ​បាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថាទិវាជាតិ ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញរយៈពេលពីរថ្ងៃ មានការដាក់​តាំង​បង្ហាញ​ស្នាដៃសិស្ស និស្សិត របស់ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការតាំងបង្ហាញសមិទ្ធផលនានា​របស់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន អង្គការ សមាគម ការទទួលបានព័ត៌មាន សិក្សាអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ១,៥លាននាក់ ព័ត៌មានអាហាររូបករណ៍ ដោយក្នុងនោះសិស្សនិស្សិត ឬសាធារណៈជនដែលចូលរួម អាចចុះ​ឈ្មោះចូលរៀនភ្លាមៗបានដោយផ្ទាល់ និងអាច ដាក់ពាក្យស្វែងរកការងារភ្លាមៗជាមួយក្រុមហ៊ុនធំៗជា​ច្រើននៅក្នុង​ថ្ងៃនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds