ថ្លែងក្នុង​ពិធី​សម្ពោធ​ស្ថាន​តំណាង​ថ្មី​​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ADB នៅអគារ​​វឌ្ឍនៈ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​ថា  ADB ​​បានផ្តល់កម្ចី​សម្បទាន​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង និង​កម្មវិធី​ចំនួន ១៣៧ ដែល​បាន​បញ្ចប់​ចំនួន ៨៨ និង​កំពុង​ដំណើរការ​ចំនួន ៤៩ គម្រោង​។ ថវិកា​ប្រមាណ ៥៦៨ លាន​ដុល្លារ គឺជា​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន ៧០ ដែល​បានបញ្ចប់​ចំនួន ៤៤ និង​កំពុង​ដំណើរការ​ចំនួន ២៦។​

លោកថា ​គិតត្រឹមបំណាច់ ឆ្នាំ២០២៣ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួនជាង ២០០គម្រោង មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៨ប៊ីលានដុល្លារអាមេរិក រួមមាន៖ ឥណទានសម្បទានចំនួន ៤,២ប៊ីលានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ១៣៧ ក្នុងនោះគម្រោងចំនួន ៨៨ ត្រូវបានបញ្ចប់ និងគម្រោងចំនួន ៤៩ កំពុងដំណើរការ។

លោកបន្ថែមថា ​សម្រាប់ហិរញ្ញប្បទានឥតសំណងវិញគឺមានទឹកប្រាក់ប្រមាណ ៥៦៨លានដុល្លារអាមេរិក គឺសម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ៧០ ក្នុងនោះគម្រោងចំនួន ៤៤បានបញ្ចប់ និងចំនួន ២៦ កំពុងដំណើរការ។ លោកឧបនាយករដ្ឋមន្រ្តីថា​៖« សម្រាប់​យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដែលទើបតែអនុម័តថ្មីកន្លងមកនេះ ​នឹងជួយជំរុញល្បឿននៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅសម្រេចបាននូវបង្គោលចរឆ្នាំ ២០៣០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់»។

​ប្រទេស​កម្ពុជា​ដែលជា​សមាជិក​ស្ថាបនិក​របស់ ADB ចាប់តាំងពី​ឆ្នាំ១៩៦៦ បានទទួល​ប្រាក់កម្ចី​ដំបូង​ចំនួន ១,៦៧ លាន​ដុល្លារ​សម្រាប់​គម្រោង​​បញ្ជូន​តង់ស្យុង​ខ្ពស់នៅ​​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ១៩៧០។​ ​កិច្ចសហប្រតិបត្តិការ​ត្រូវបាន​ផ្អាក​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ១៩៩០ ដោយសារតែ​ជម្លោះផ្ទៃក្នុង និង​របប​ខ្មែរក្រហម ដែល​បានធ្វើឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​យ៉ាងខ្លាំង និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​។​

​លោក​​ថា «​ប្រទេស​កម្ពុជា​គឺជា​សមាជិក​ស្ថាបនិកមួយ​​របស់ ADB​។ ចាប់តាំងពី​ពេលនោះ​មក ហិរញ្ញប្បទាន​របស់ ADB បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង ជំរុញ​សមត្ថភាព​ពាណិជ្ជកម្មរ​បស់​យើង និង​គាំទ្រ​ដល់​វិស័យ​អប់រំ និង​កសិកម្ម​របស់​យើង​»។​

លោក Masatsugu Asakawa ប្រធានធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB) បាន​ឱ្យដឹង​ថា ការ​បើក​ស្ថាន​តំណាង​ថ្មី​របស់ ADB នៅ​ចំ​កណ្តាលរាជធានី​​ភ្នំពេញ គឺជា​ការអបអរសាទ​រ​មិន​ត្រឹមតែ​ស្ថានតំណាងថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ចំណង​ដ៏​ស៊ីជម្រៅ និង​គោលដៅ​អភិវឌ្ឍន៍​រួមគ្នា​រវាង ADB និង​កម្ពុជា​ផង​ដែរ​។​ «កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​យើង​បាន​ពង្រីក​វិស័យ​ជាច្រើន ដោយ​ផ្តោត​លើ​ការ​លើក​កម្ពស់​ហេដ្ឋា​រចនាសម្ព័ន្ធ​ជនបទ ការអប់រំ កសិកម្ម និង​សេវា​សុខាភិបាល ទាំងអស់​ក្នុង​គោល​បំណង​លើកកម្ពស់​ជីវភាព និង​ការ​​រស់នៅ​របស់​ប្រជាជន​កម្ពុជា»។​

​ការសម្ពោធស្ថានតំណាង​ថ្មី​នេះ​ស្របពេល​នឹង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ADB សម្រាប់​ឆ្នាំ ២០២៤-២០២៨​។​ ​យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា ឆ្ពោះទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ជាមួយនឹង​ថវិកា​ដែល​បាន​គ្រោងទុក​ប្រមាណ ១,២៦៣ លាន​ដុល្លារ និង​ការកៀងគរ​បន្ថែមចំនួន ២៨៣ លាន​ដុល្លារ​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត​។​

លោក Asakawa បាន​និយាយថា «​វា​សង្កត់ធ្ងន់​លើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការអភិវឌ្ឍន៍​មូលធន​មនុស្ស និង​ភាព​ធន់​នឹង​អាកាសធាតុ ខណៈពេលដែល​ការជំរុញ​អាទិភាព​​ ​ដូចជា អភិបាលកិច្ច សមភាព​យេនឌ័រ ឌីជីថល​ភាវូបនីយកម្ម ក៏ដូចជា​​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​សមាហរណកម្ម​»៕