កម្ពុជា ជាប្រទេសទីមួយនិងដំបូងបង្អស់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើររបស់អង្គការILO
(ស្វីស)៖ កម្ពុជា ជាប្រទេសទីមួយនិងដំបូងបង្អស់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ(ILO-BFC) ហើយកម្ពុជាក៏នៅតែបន្តអនុវត្ត និងបន្តគាំទ្រគម្រោងដ៏ល្អរបស់ILOជានិច្ច។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ (Better Work) នៃអង្គការអន្តរជាតិខាងការងារ (ILO)កាលពីថ្ងៃទី១១ ខែមិថុនាម្សិលមិញ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ពីតួនាទីដ៏ចាំបាច់នៃគម្រោងការងារកាន់តែប្រសើរក្នុងសង្វាក់ផលិតកម្ម និងការបញ្ជាទិញរបស់កម្ពុជាក្នុងទីផ្សារពិភពលោក។
លោកស្រី Roopa Nair ប្រធានកម្មវិធីកាន់តែប្រសើររបស់ILO បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរហើយវត្តមានរបស់កម្ពុជាក៏ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យវាយនភណ្ឌ។
ដោយឡែក លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ និងបង្ហាញទស្សនៈវិស័យ និងផែនការអាទិភាពជាយុទ្ធសាស្ត្រដែលក្រសួងបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ដើម្បីធ្វើយ៉ាងណាឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀតសម្រាប់ប្រយោជន៍គ្រប់ភាគីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តពង្រឹងប្រសិទ្ធភាព និងបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជាខណៈដែលចាំប្រទេសបានអនុវត្តយ៉ាងល្អលើគម្រោងការងារកាន់តែប្រសើរនៅក្នុងតំបន់៕