ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំ «ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤» ក្រោមប្រធានបទ« TVET រៀនអោយចប់ អោយចេះ អោយមានការងារ» នៅអគារពិព័រណ៍ ពាណិជ្ជកម្មកោះពេជ្រ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន «ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤» នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យក្រសួងការងារ លោកកត្តា អន បានអោយដឹងថា ទិវាជាតិនេះ មានសារៈសំខាន់ណាស់ សម្រាប់ប្អូនៗសិស្សនិស្សិត យុវជនដែលកំពុងតែត្រៀមខ្លួន ចូលទៅកាន់ទីផ្សារការងារ នាពេលខាងមុខ ដើម្បីទទួលបាននូវព័ត៌មាន ពីតម្រូវការ ទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគតសម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា។
សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ១.៥លាននាក់, អ្នកចូលរួមនឹងទទួលបាននូវព័ត៌មានទីផ្សារការងារ ដែលត្រូវការអ្នកបច្ចេកទេសយ៉ាងច្រើន, ទទួលបាននូវតម្រូវការកម្លាំងអ្នកបច្ចេកទេសនៅតាមបណ្តាក្រុមហ៊ុនឯកជននានា, កំណើននៃការចុះឈ្មោះចូលរៀនសិស្ស និស្សិតទៅក្នុងប្រព័ន្ធអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ, បង្កើនទំនាក់ទំនងរវាងអ្នកផ្តល់ការបណ្ដុះបណ្ដាល និងអ្នកប្រើប្រាស់កម្លាំងពលកម្មជំនាញ។
លើសពីនេះទៅទៀត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង នឹងធ្វើការណែនាំលើ មុខជំនាញបច្ចេកទេសដែលខ្លួន កំពុងធ្វើការបណ្ដុះបណ្ដាល តាមរយៈការដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិត ដែលបានអនុវត្តកន្លងមក និងផ្នែកឯកជន ក៏បានចូលរួមដាក់បង្ហាញ ពីខ្សែច្រវាក់ផលិតកម្ម និងពីតម្រូវការកម្លាំង ដែលទីផ្សារការងារ កំពុងត្រូវការនាពេលបច្ចុប្បន្ន និងទៅអនាគត។
គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ មានក្រសួង គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងក្រុមហ៊ុនឯកជនបានចុះឈ្មោះចូលរួមតាំងបង្ហាញស្នាដៃ ខ្សែសង្វាក់ផលិតកម្ម និងផលិតផលក្នុងនោះ សម្រាប់ថ្នាក់េជាតិចំនួន១០៨ និងថ្នាក់ក្រោមជាតិ២៨០ ទាំង២៤ខេត្ត ហើយរំពឹងថាមានអ្នកចូលរួមសរុបប្រមាណ៦ម៉ឺននាក់៕