ការពារធនធានធម្មជាតិ ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គឺដើម្បីឱ្យដីស្អាត ទឹកស្អាត និងខ្យល់ស្អាត
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា ការចូលរួមការពារធនធានធម្មជាតិ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងប្លាស្ទិក ជំរុញឱ្យដីស្អាត ទឹកស្អាត និងខ្យល់ស្អាត មានការអភិវឌ្ឍដោយចីរភាព ធានាបានសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយនឹងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថាន និងធន់នឹងគ្រោះរាំងស្ងួត» កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថាយើងត្រូវការពារនិងអភិរក្សដី ចាត់វិធានការតឹងរឹងចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ សហការជាមួយអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ ទប់ស្កាត់ការទន្រ្ទានព្រៃយកដី ការកាប់ រុករានដីព្រៃដោយខុសច្បាប់ ប៉ះពាល់ព្រៃឈើ ធ្វើឲ្យដីត្រូវប្រឈមមុខនឹងសំណឹកកាន់តែខ្លាំង។
ជាមួយគ្នានេះយើងគិតគូលើការធ្វើកសិកម្មឆ្លាតវៃ កាត់បន្ថយការប្រើប្រាស់សារធាតុគីមី ក្នុងការធ្វើកសិកម្ម ដែលការនេះ ធ្វើឲ្យដីខូច ងាប់សារធាតុបំរុង ហើយឡើងខ្សោះ ឬហិរជាដើម។ លោក ខ្វៃ អាទិត្យា ក៏បានជំរុញការដាំឈើឱ្យបានច្រើន ដើម្បីទប់ស្កាត់ការហូរច្រោះគុណភាពដីស្រទាប់ខាងលើ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការរក្សាជីវចម្រុះ ការដាំដំណាំឆ្លះ ការកាត់បន្ថយការប្រើថ្នាំ និងជីកសិកម្ម ការគ្រប់គ្រង និងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ បញ្ឈប់ការឈួសឆាយដីព្រៃ ប្រើប្រាស់ដីដែលមិនធ្វើការដាំដុះឈើ ឬដំណាំឡើងវិញ និងការទុកដីកសិកម្មទំនេរចោល។ល។
លោកបានជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលកំពុងឆ្ពោះទៅមុខដោយជោគជ័យ ដោយមានអ្នកចូលរួមជាង៨,៨លាននាក់ រួមជាមួយយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វបាន» ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំការបោះចោលសំរាម ប្លាស្ទិក ដែលនាំឱ្យបំពុលដល់ដី ទឹក និងខ្យល់។ ដើម្បីកម្ពុជាស្អាត ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនទូទៅ យុវជន សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា ហើយក្នុងនោះយើងបានចាប់ផ្តើមពីចំណុចដំបូងគេ គឺធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបង្កើតផ្នត់គំនិតស្អាត ហើយភាពស្អាតចេញពីចិត្ត បានធ្វើឱ្យយើងបានកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៣០លានថង់ក្នុង១ថ្ងៃ និងកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅក្នុងដើមត្រីមាសដំបូង នៃឆ្នាំ២០២៤នេះ។
ហើយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ដែលកំពុងរីកសាយភាយនូវភាពស្អាត ពីភូមិទៅដល់ឃុំ បន្តទៅដល់ស្រុកនឹងរហូតទៅដល់ខេត្ត នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម បានលើកទឹកចិត្តជាថ្មីទៀតដល់មន្រ្តីបរិស្ថាន សហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញារក្រុងស្រុក ភូមិ ឃុំ សង្កាត់ រួមទាំងប្រជាជនទូទៅ ដើម្បីធ្វើឱ្យកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត មានអនាម័យ និងសេចក្តីថ្លៃថ្នូរ ល្បីលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ការកែប្រែគុណភាពដី ដីរហោស្ថាន និងធន់នឹងគ្រោះរាំងស្ងួត» នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន គឺដើម្បីបញ្រ្ជាបចំណេះដឹងបរិស្ថាន និងអនុវត្តដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ស្អាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទីក្រុងនិងមូលដ្ឋានមានភាពបៃតង មានដើមឈើ មានម្លប់ ខ្យល់អាកាសល្អ និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕