ឆ្នាំ២០២៣៖ កុមារកម្ពុជា១,៥ លាននាក់ បានទទួលអាហារូបត្ថម្ភ និងសេវាថែទាំសុខភាពកាន់តែល្អប្រសើរ

ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ដែលជាអង្គការមួយផ្តោតលើកុមារមួយនេះ យោងតាមលទ្ធផលសម្រេចបាននៅគ្នុងឆ្នាំ២០២៣ មានកុមារកម្ពុជាចំនួន ១,៥ លាននាក់ មានលទ្ធភាពទទួលបានទឹកស្អាត អាហារូបត្ថម្ភ និងសេវាថែទាំសុខភាពកាន់តែល្អប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការនេះ ដែលអង្គភាពសារព័ត៌មាន Fast News ទទួលបានកាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីប្រកាសដដែល បានបង្ហាញនូវរបាយការណ៍ផលវិជ្ជមាន ប្រចាំឆ្នាំ២០២៣ របស់អង្គការ​ទស្សនៈ​​ពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ជាទីភ្នាក់ងារសុខុមាលភាពកុមារ ដែលកំពុងប្រតិបត្តិការ នៅក្នុងខេត្តចំនួន២០ និងជាយរាជធានីភ្នំពេញ។ប្រភពដដែល បន្តថា ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន អង្គការដែលផ្តោតលើកុមារមួយនេះ បានផ្តល់ផលជាវិជ្ជមានដល់ប្រជាជនជាង ៣,២លាននាក់ រួមទាំងកុមារ ១,៥ លាននាក់ នៅក្នុងប្រទេសកម្ពុជា  ដើម្បីមានលទ្ធភាពទទួលបានទឹកស្អាត ការអប់រំប្រកបដោយបរិយាបន្ន អាហារូបត្ថម្ភកាន់តែល្អប្រសើរ និងសេវាថែទាំសុខភាព។

ដោយក្នុងនោះ សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៣ ដែលសម្រេចបានរួមមាន កុមារចំនួន ៧៩ ៥០០នាក់ ទទួលបានអាហារពេលព្រឹកដែលមានជីវជាតិតាមរយៈកម្មវិធីស្បៀងអាហារតាមសាលារៀន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអត្រាចូលរៀនកើនឡើង និងបោះបង់ការសិក្សាធ្លាក់ចុះ។ ប្រជាជនចំនួន ៧៨ ៤០០នាក់ ទទួលបានទឹកស្អាតប្រើប្រាស់ ហើយកន្លែងយកទឹកថ្មី ចំនួន ៤៣ កន្លែង ត្រូវបានតម្លើងនៅតាមគ្រឹះស្ថានសុខាភិបាល។

ជាងនេះទៀត ក៏មានកុមារ និងក្មេងវ័យជំទង់ចំនួន ១៣ ១៧០នាក់ បានទទួលការបណ្តុះបណ្តាលលើជំនាញជីវិតទាក់ទងនឹងការការពារ និងសមាជិកសហគមន៍ចំនួន ២៩ ៥០២នាក់ បានចូលរួមក្នុងវគ្គផ្លាស់ប្តូឥរិយាបថស្តីពីការការពារកុមារ។ កសិករចំនួន ៤ ០៤០នាក់ មកពីសហគមន៍កសិកម្មវ័យឆ្លាត ធន់នឹងអកាសធាតុ និងផ្តោតលើអាហារូបត្ថម្ថទទួលបានការពង្រឹងសមត្ថភាព។សហគ្រាសធុនតូច/មធ្យមចំនួន១៨៧ទទួលបានគាំទ្រក្នុងការទទួលបានប្រាក់កម្ចីក្នុងទំហំទឹកប្រាក់ប្រមាណ ៥ ២៥៨ ០៨៤ ដុល្លារអាមេរិកផងដែរ។លើសពីនេះ ក៏មានគ្រួសារចំនួន ២ ១៥០ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយបានទទួលជំនួយតាមរយៈការឆ្លើយតបគ្រោះទឹកជំនន់របស់អង្គការទស្សនៈពិភពលោកថែមទៀត។

ជុំវិញរឿងនេះ លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានបង្ហាញការកោតសរសើរ និងអំពាវនាវថា៖«សូមឱ្យរួមគ្នាធ្វើជាកម្លាំងសម្រាប់ភាពវិជ្ជមានការផ្លាស់ប្តូរ ធានាបាននូវអនាគតភ្លឺស្វាង និងបរិយាបន្ន សម្រាប់កុមារ និងសហគមន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ដៃគូ និងអ្នកគាំទ្ររបស់យើង បន្តធ្វើឱ្យមានផលវិជ្ជមានកាន់តែច្រើន ហើយយើងប្តេជ្ញាបន្តបេសកកម្មរបស់យើងជាមួយនឹងភាពស្វាហាប់ និងការប្តេជ្ញាចិត្តជាថ្មីបន្ថែមទៀត»។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៣ អង្គការទស្សនៈពិភពលោក បានបន្តចូលរួមចំណែកយ៉ាងសំខាន់ដល់គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបោះជំហានឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងចំណោមគំនិតផ្តួចផ្តើមសំខាន់ៗក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រជាជនកម្ពុជា ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (ISAF) បានជួយប្រជាពលរដ្ឋជាង ១ លាននាក់ ក្នុងការកំណត់ភាពចន្លោះប្រហោងនៃគុណភាពសេវាកម្មសង្គម និងបង្កើតផែនការសកម្មភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះ។

ជាងនេះទៀត អង្គការនេះ ក៏រៀបចំបង្កើតប្រកាសលេខ២១៤ ស្តីពីក្រមសីលធម៌នៃកម្លាំងសេវាសង្គម ឆ្នាំ២០២៣ ដើម្បីពង្រឹងក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ប្រសិទ្ធភាព និងគុណភាព នៃកម្លាំងសេវាសង្គម និងបុគ្គលិកបម្រើការសង្គម ក្នុងប្រទេសកម្ពុជា ប្រកាសលេខ២៣៣ ស្តីពី ក្រមសីលធម៌សម្រាប់ការការពារកុមារ ឆ្នាំ២០២៣ ដើម្បីការពារលុបបំបាត់ និងឆ្លើយតបចំពោះការរំលោភបំពានលើកុមារគ្រប់ប្រភេទផងដែរ៕ អត្ថបទ៖ ពិសី

អង្គការ World Vision ជួយកុមារ១,៥លាននាក់ ឱ្យទទួលបានការអប់រំ  និងអាហារូបត្ថម្ភប្រសើរឡើង

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds