រដ្ឋមន្ត្រីបរិស្ថាន អរគុណមន្រ្តីបរិស្ថានខេត្តកំពង់ចាម ដែលបានរួមចំណែកដល់ការលើកកម្ពស់ ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន
នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមិថុនាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបានអញ្ជើញចុះសួរសុខទុក្ខ និង សំណះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរបរិស្ថានកំពង់ចាម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានក្នុងខេត្តកំពង់ចាម ដែលបានរួមចំណែកដល់ការលើកកម្ពស់ ប្រសិទ្ធភាពការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសការជំរុញឱ្យយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យទទួលបានជោគជ័យ គួរជាទីមោទនៈ ដោយមានមនុស្សជាង៨,៨ នាក់ បានចូលរួម និងធ្វើឱ្យកម្ពុជាស្អាតបន្តិចម្តងៗ ឈានទៅភាពស្អាតជានិរន្តរ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ភាពស្អាត បាននិងបន្តបោះជំហានទៅមុខ លើបេសកកម្មសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ ប្រសិទ្ធភាពការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ «សុក្រិត្យកម្ម បរិស្ថានកិច្ច» ដូចមានចែង ក្នុងយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន និងស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ចាំបាច់បន្តពង្រឹងការអនុវត្តផែនការសកម្មភាពការងារបន្ថែមទៀត ដើម្បីរួមចំណែកបង្កើន ការចូលរួមលើកកម្ពស់ ការគ្រប់គ្រងវិស័យបរិស្ថាន និងសម្រេចបាន នូវគោលដៅស្អាត បៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាព៕