ភ្នំពេញៈ ​ថ្លែង​ក្នុង​វេទិកា​សារព័ត៌មាន​ស្តីពី «អ្វី​ទៅ​ជា​កិច្ចការ​អភិវឌ្ឍន៍​ជនបទ» នា​ថ្ងៃទី​៤​ ខែ​មិថុនា​ ខេត្ត​ចំនួន ៦​ទៀត ​រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៍ជនបទ បានអោយដឹងថា ខេត្ត​ចំនួន ៦​ទៀតជា​ខេត្ត​បញ្ឈប់​ការ​បន្ទោរបង់​ពាសវាលពាសកាល​ត្រឹម​ឆ្នាំ ២០២៤ នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​ខេត្ត​ដែល​បញ្ឈប់​ការ​បន្ទោរបង់​ពាសវាលពាសកាល សរុប​កើន​ដល់ ១៣ ខេត្ត​លើ២៥ រាជធានី-ខេត្ត។

បើ​​តាម​រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានអោយដឹងថា ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​គ្រោង​នឹង​ធ្វើការ​ប្រកាស​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​បញ្ឈប់​ការ​បន្ទោរបង់​ពាសវាលពាស​កាល​នៅ​ថ្ងៃទី​១៣ ខែ​មិថុនា សប្តាហ៍​ក្រោយ​នេះ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ខេត្ត​ចំនួន ៧​ហើយ ដែល​ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោរបង់​ពាសវាលពាសកាល ដែល​រួមមាន ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល រាជធានី​ភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និង​កែប។ រីឯ ខេត្តដែលគ្រោង​ប្រកាស​បញ្ចប់​ការ​បន្ទោរ​បង់​ពាសវាលពាសកាល​នា​ពេល​ខាង​មុខ​រួមមាន ខេត្ត​កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប រតនគិរី និងព្រះសីហនុ។

លោកថា «អញ្ជឹង​ខេត្ត​បញ្ចប់​ការ​បន្ទោរបង់​ពាសវាលពាសកាល​នឹង​កើន​ឡើង​ដល់ ១៣​ត្រឹម​បំណាច់​ឆ្នាំនេះហើយ​ប្រាកដ​ហើយ​ថា ចុង​អាណត្តិ​នេះ គឺ​គ្រប់​ខេត្ត​ទាំងអស់​នឹង​ទទួល​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោរបង់​ពាសវាលពាសកាល​តែម្តង»។

លោករដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន បាន​ថ្លែង​ថា ការ​កែលម្អ​លក្ខខណ្ឌ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​តាម​រយៈការ​ផ្គត់ផ្គង់​ទឹកស្អាត និង​បង្គន់​អនាម័យ គឺជា​ការងារ​អទិភាព​ទី២ របស់​ក្រសួង​ដែល​បាន​កំពុង​តែ​អនុវត្ត។ ក្នុងការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត រយៈពេល​ជាង ៩​ខែ​មក​នេះ ក្រសួង​បាន​សាងសង់​អណ្តូង​ស្នប់​ជាង ២​ពាន់ ស្រះ​ទឹក​សហគមន៍​បាន​ចំនួន ៣១៦​ស្រះ អាង​ត្រង​ទឹកភ្លៀង​បាន ១០៥អាង ស្ថានីយ៍​ផលិត​ទឹក​បរិភោគ​សហគមន៍​ចំនួន​២ ហើយប្រព័ន្ធ​ចែកចាយ​តាម​ប្រព័ន្ធ​ខ្នាតតូច​សហគមន៍​បាន ១២៧​កន្លែង។ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ អត្រា​គ្រប​ដណ្តប់​ទឹកស្អាត​មាន ៨៣,៣​ភាគរយ​ហើយ​នៅ​ទូទាំង​ប្រទេស។

លោក​បន្ថែម​ថា៖«ឥឡូវ​បង្គន់​១ ផ្ទះ​១បាត់ហើយ។ ផ្ទះ​ខ្លះ​ប្រើ​បង្គន់​រួមគ្នា ផ្ទះខ្លះ​មាន​បង្គន់​លើស​ពី​១ដែរ​នៅតំបន់​ជនបទ។ ខ្ញុំ​ចុះ​រយៈពេល ៨​ខែ​នេះ ភ្ញាក់​ផ្អើល​ត្រង់​ថា ផ្ទះណា​ក៏​មាន​បន្ទប់ទឹក មាន​បង្គន់​ប្រើប្រាស់ អញ្ជឹង​អត្រា​គ្របដណ្តប់​តាម​ការ​ស្រាវជ្រាវ ធ្វើ​កំណត់ត្រា វាយ​តម្លៃ​កន្លងមក​គឺ​បាន​រហូត​ទៅ​ដល់ ៨៦,៦​ភាគរយ…អញ្ជឹង​នៅ​ឆ្នាំ ២០៣០នេះ ជា​គោលដៅ​គឺ​យើង​ត្រូវ​សម្រេច​ឱ្យ​បាន​ ១០០​ភាគរយ»។

លោករដ្ឋមន្រ្តី​បាន​លើកឡើង​ថា កាលណា​ពលរដ្ឋ​មាន​បង្គន់​អនាម័យ និង​ទឹកស្អាត​ប្រើប្រាស់ នោះ​វា​ប្រាកដ​ណាស់​ថា ពួកគាត់​មិន​ទៅ​បត់​ជើង​បត់ដៃ​ពាសវាលពាសកាល​ទៀត​នោះ​ទេ។ «អញ្ជឹងការ​ដែល​យើង​បាន​លុប​បំបាត់ការ​បន្ទោរ​បង់​ពាសវាលពាសកាល​នេះ យើងចៀសផុត​ពី​ជំងឺឆ្លង យើង​ថែរក្សា​បាន​នូវ​សុខភាព​ល្អ។ លើស​ពីនោះ​ការ​ទទួលទាន​ទឹកស្អាត​ធ្វើឱ្យ​កុមារទ​ទួល​បាន​នូវIQខ្ពស់​ទៀត​ផង។ អញ្ជឹង​យើង​ទទួល​បាន​នូវ​ពលរដ្ឋ​ដែល​មាន​ភាព​វៃឆ្លាត ដែល​ជា​ធនធាន​មនុស្ស ដើម្បី​កសាង​ប្រទេសជាតិ​ឱ្យ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្រ្តី៕May be an image of 1 person, dais and textMay be an image of 5 people and textMay be an image of 10 people, people studying, newsroom and textMay be an image of 14 people, people studying and text