អ្នករៀបចំ៖ កម្មវិធីប្រដាល់ Ganzberg Kun Khmer Super Fight នៅទីក្រុងប័រដូប្រទេសបារាំង គឺជោគជ័យខ្លាំង
ស្ថាបនិក Kun Khmer Super Fight លោក សឿ វណ្ណៈ អះអាងថា កម្មវិធីប្រដាល់ ហ្គេនបឺតគុនខ្មែរស៊ុបើហ្វៃ« Ganzberg Kun Khmer Super Fight» ដែលធ្វើនៅទីក្រុងប័រដូប្រទេសបារាំង គឺជោគជ័យខ្លាំង ដែលមិននឹកស្មានថា គុនខ្មែរអាចរៀបចំបានយ៉ាងល្អ ខណៈគុនខ្មែរបានឈ្នះរហូតទៅដល់៤គូ និងចាញ់២នាក់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែមិថុនា លោក សឿ វណ្ណៈ បានអោយដឹងថា ព្រឹត្តិការណ៍ Ganzberg Kun Khmer Super Fight នៅទីក្រុងប័កដូប្រទេសបារាំង លើកនេះជោគជ័យខ្លាំងណាស់ អ្នកទស្សនាផ្ទាល់បានស្ងើចសរសើរអំពីក្បាច់គុនខ្មែរ។ លោកថា«គេទទួលស្គាល់គុនខ្មែរខ្លាំង ពេលដែលប៉ូរ៉ា និងវណ្ណថង ប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រ ទាំងគ្រូទាំងកីឡាករទាំងអស់ចេញមកមើលទាល់តែចប់ ហើយជាការប្រកួតមួយដែលអស្ចារ្យ គេឈរមើលឡើងស្ងាត់ស្តាតតែម្តង ដោយសារតែការប្រកួតរបស់អ្នកទាំងពីប្រកួតគ្នាអត់ដាក់ដៃនោះទេអត់មានកីឡាករណាដែលចង់ចាញ់នោះទេ»។
លោកបន្ថែមថា ការប្រកួតគុនខ្មែរនៅទីក្រុងប័រដូ ក៏មានការសាទរពីអភិបាលក្រុងតែម្តង ដោយគាត់សន្យាថា ការប្រកួតលើកក្រោយគឺគាត់អោយទៅប្រកួតនៅស្តាតធំតែម្តងអញ្ចឹងយើងមានការទទួលស្គាល់ ពិសេសដូចជាគ្រូក្មេងកំពុងហ្វឹកហាត់នៅបារាំង ប្រជាជននៅទីក្រុងប័រដូរគឺគេស្គាល់តែម្តង់ គេមកមើលពេញស្តាតព្រោះគេចង់អោយគាត់ទទួលបានខ្សែក្រវាត់តែម្តង ចឹងបើយើងមានក្លឹបគុនខ្មែរនៅទីនោះច្បាស់ណាស់គេនឹងស្គាល់គុនខ្មែរកាន់តែច្រើនៗឡើង។
ការប្រកួតគុនខ្មែរនៅក្នុងព្រឹត្តិការណ៍ Ganzberg Kun Khmer Super Fight នៅទីក្រុងប័កដូប្រទេសបារាំង នៅយប់ថ្ងៃទី២ មិថុនា កីឡាករគុនខ្មែរឈុត សេរីវ៉ាន់ថង, ឃឹម បូរ៉ា, លន បញ្ញា, សៀង ហៃបានឈ្នះ ខណៈឈឿង ល្វៃ និងទូន ស្រីពិន ចាញ់។ ក្នុងនោះក្រុមហ៊ុនGanzberg បានឧបត្ថម្ភដល់ លន បញ្ញា, សៀង ហៃ ក្នុងមួយនាក់២លានរៀល, ឃឹម បូរ៉ា៩លានរៀល និងបេក្ខភាពត្រៀមប្រកួតដណ្តើមខ្សែក្រវាត់នៅទីក្រុងប៉ារីឈុត សេរីវ៉ាន់ថង ៨លានរៀល ប្រសិនបើវ៉ាន់ថង ឈ្នះខ្សែក្រវាត់នោះក្រុមហ៊ុនGanzberg នឹងផ្តល់រថយន្ត Pickup ខ្លាញ់គោមួយគ្រឿងផងដែរ៕