ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងយកចិត្តទុកដាក់អនុវត្តបេសកកម្មរបស់ខ្លួនចំនួន៤
ថ្លែងក្នុងវេទិកាពិភាក្សាលើប្រធានបទ៖ «អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា» ដែលបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អះអាងថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តបេសកកម្មសំខាន់ៗរបស់ខ្លួនចំនួន៤ ដើម្បីលើកកម្ពស់កិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងពីចក្ខុវិស័យរបស់ក្រសួអភិវឌ្ឍន៍ជនបទ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលដៅធានាការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
រដ្ឋមន្ត្រីរូបនេះបន្ថែមថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់អនុវត្តបេសកកម្មសំខាន់ៗរបស់ខ្លួនចំនួន៤ គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត ការផ្ដល់បង្គន់អនាម័យ អប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងមានផាសុកភាព។ ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ មុខរបរ និងបង្កើនប្រាក់ចំណូល។ និងទី៤) ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះដែរ ក្រសួងក៏បានផ្ដោតទៅលើការបង្កើតភូមិគំរូ ដោយផ្អែកលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាមសហគមន៍ជនបទ។ នៅក្នុងនីតិកាលទី៧នេះ លោករដ្ឋមន្ដ្រី ថែមទាំងបានសង្កត់ធ្ងន់លើការអនុវត្តតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺការពង្រឹងគុណភាព ៧០ភាគរយ និងពង្រីកវិសាលភាព ៣០ភាគរយ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕