សម្ដេចធិបតី ហ៊ុន ម៉ាណែត ទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំក្លាយជាប្រភពទឹកដ៏សំខាន់

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទន្លេសិប្បនិមិត្ត ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ បានក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ពលរដ្ឋរហូតជាង ៥ម៉ឺនគ្រួសារ។

តាមរយៈទំព័រហ្វេសកបុករបស់សម្ដេចធិបតីនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំ ផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់។

សម្ដេចធិបតី បន្ថែមថា «ទន្លេសិប្បនិមិត្តនេះ ស្ថិតក្នុងតំបន់បុរីទីប្រជុំជននៃខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ ដែលអាចផ្ទុកទឹកបាន ៣លានម៉ែត្រគូប ដោយមានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញធម្មជាតិ និងត្រូវបានកាយពង្រីក នៅឆ្នាំ២០១៤ ហើយបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៦ ។ សព្វថ្ងៃ ក៏បានក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់ និងរោងចក្រទឹកស្អាត ១កន្លែង ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ»

សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ប្រភពទឹកមួយនេះ ក៏មាន “អាងសោភ័ណ” ប្រវែង ១០០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ សម្រាប់ជួយរំដោះទឹកចេញពីទន្លេសិប្បនិមិត្តក្នុងរដូវវស្សា ជាពេលដែលទឹកពេញទន្លេផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds