មន្រ្តី៖ បញ្ហាកង្វះអាហារូបត្ថម្ភចំពោះស្ត្រីក្នុងវ័យបន្តពូជ និងកុមារអាយុក្រោម៥ឆ្នាំ នៅតែក្តីបារម្ភផ្នែកសុខភាពសាធារណៈ
ភ្នំពេញ៖ លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងរយះពេល២០ឆ្នាំចុងក្រោយនេះ បញ្ហាកង្វះអាហារូបត្ថម្ភត្រូវ បានកែលម្អច្រើន ប៉ុន្តែវានៅតែជាការព្រួយបារម្មផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ ជាពិសេស ចំពោះស្ត្រីក្នុងវ័យបន្តពូជ និងកុមារអាយុក្រោម៥ឆ្នាំ។
មន្រ្តីជាន់ខ្ពស់ខាងលើ ថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ ពីការសិក្សាសាកល្បងដោយ ប្រើប្រាស់វិធីសាស្រ្តចម្រុះសម្រាប់ពេលអនាគត ស្តីពីការលើកកម្ពស់ “មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ” កាលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ លោកស្រី ប្រាក់ សោភ័ណនារី បានលើកឡើងថា នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំងក្នុង ការកាត់បន្ថយអត្រាស្លាប់មាតា ទារក និងកុមារ ដែលទាំងនេះក៏ដោយសារកត្តារួមចំណែកដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាល និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ អត្រាមរណភាពរបស់ ទារក និងកុមារ បានថយចុះច្រើនជាងពាក់កណ្តាល បើធៀបនឹងឆ្នាំ២០១៤។ នេះមានន័យថា ប្រទេសកម្ពុជា សម្រេចបានរួចហើយនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ក្នុង ការបញ្ចប់ការស្លាប់ដែលបង្ការបានរបស់ទារកនិងកុមារ។
លោកស្រីបន្តថា សម្រាប់អាហារូបត្ថម្ភរបស់ស្ត្រីក្នុងវ័យបន្តពូជ មាតា ទារក និងកុមារតូច នៅតែជាសូចនាករ សុខភាពអាទិភាព ប៉ុន្តែការសម្រេចបានវឌ្ឍនភាពនៅតែមានការយឺតយ៉ាវបើធៀបទៅនឹងសូចនាករ សុខភាពផ្សេងៗទៀត។
ជាងនេះទៀត លោកស្រីបានបន្តថា៖« នៅកម្ពុជា ក្នុងរយះពេល២០ឆ្នាំចុងក្រោយនេះ បញ្ហាកង្វះអាហារូបត្ថម្ភត្រូវ បានកែលម្អច្រើន ប៉ុន្តែវានៅតែជាការព្រួយបារម្មផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ ជាពិសេស ចំពោះស្ត្រីក្នុងវ័យបន្តពូជ និងកុមារអាយុក្រោម៥ឆ្នាំ។ កុមារអាយុក្រោម៥ឆ្នាំ ១៦%មានទម្ងន់ទាប ១០%មានភាពស្គមស្គាំង (ជាពិសេសកុមារដែលរស់នៅតាមតំបន់ជនបទ) ដែលអត្រានេះហាក់ពុំ មានការប្រែប្រួលទាល់តែសោះក្នុងរយះពេល៦ឆ្នាំចុងក្រោយនេះ»។
ជាមួយគ្នានេះ លោកស្រីបន្តថា៖« ស្ត្រីក្នុងវ័យបន្តពូជ ៤%មាន ទម្ងន់ទាប និង៣៣%លើសទម្ងន់និងមានជម្ងឺធាត់ជ្រុល។ ទោះបីអត្រាប្រេះក្រិនរបស់កុមារបាន ថយចុះពី៥០% ក្នុងឆ្នាំ២០០០ មកនៅត្រឹម ២២%ក្នុងឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏អត្រានេះ នៅមានកម្រិតខ្ពស់ បើធៀបទៅនឹងកម្រិតកំណត់សម្រាប់សុខភាពសាធារណះ របស់អង្គការសុខ ភាពពិភពលោក ដែលជាការគំរាមកំហែងនិងរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច មូលធនមនុស្ស និងការរីកចម្រើនរបស់ប្រទេសជាតិផងដែរ»។
ជាងនេះទៀត លោកស្រីថា ស្ថានភាពសុខភាព និងអាហារូបត្ថម្ភរបស់កុមារ និងម្តាយៗរបស់ពួកគេ គឺមានទំនាក់ទំនង គ្នាយ៉ាងជិតស្និទ្ធ។ ការផ្តល់អាហារូបត្ថម្ភល្អបំផុតក្នុងឱកាសមាស ១០០០ ថ្ងៃដំបូងនៃជីវិតកុមារ ពោលគឺចាប់ពីពេលបង្កកំណើតរហូតដល់កុមារមានអាយុ២ឆ្នាំ អាចមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខ ភាព ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ។ ស្ត្រីក្នុងវ័យបន្តពូជជាច្រើននៅកម្ពុជា កំពុងមាន បញ្ហាអាហារូបត្ថម្ភ ដោយមានទម្ងន់ទាប លើសទម្ងន់ និងបញ្ហាស្លេកស្លាំង ដែលបញ្ហាទាំងនេះជា កត្តាបង្កើនហានិភ័យមរណភាពមាតា ការសម្រាលកូនមិនគ្រប់ខែ សម្រាលកូនមិនគ្រប់ទម្ងន់ និងអត្រាមរណភាពជុំវិញការសម្រាលកូន រួមទាំងពិការភាពរយះពេលវែង ដែលប៉ះពាល់ដល់ការ អភិវឌ្ឍសតិបញ្ញា និងការលូតលាស់របស់កុមារ។
ហេតុនេះ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ ក្នុងនាមក្រសួងសុខាភិបាល លោកស្រីប្រាក់ សោភ័ណនារី ក៏បានផ្តល់ជូននូវអនុសាសន៍ មួយចំនួនដូចខាងក្រោម៖
១. បន្តអន្តរាគមន៍អាហារូបត្ថម្ភក្នុងបរិបទវិស័យសុខាភិបាល រួមមានការផ្តល់ប្រឹក្សាយោបល់ ស្តីពី អាហារូបត្ថម្ភក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល និងរក្សានិរន្តរភាពការបំបៅកូន ដោយទឹកដោះម្តាយក្នុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយ មុខគត់ក្នុងអំឡុងពេល៦ខែដំបូង និងការផ្តល់អាហារបន្ថែមសមស្របនិងងាយស្រួលរកបាន ចាប់ពីកុមារអាយុ៦ខែ រួមជាមួយការបន្តបំបៅដោះកូនរហូតដល់កុមារអាយុ ២ឆ្នាំ ឬ លើស ។
២. ពង្រឹងការអនុវត្តអនុក្រឹត្យលេខ១៣៣ ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹម ទារក និងកុមារ ហើយត្រូវប្រាកដថាគ្មានការផ្សព្វផ្សាយ ឬចែកចាយចាយនូវផលិតផល ជំនួសទឹកដោះម្តាយក្នុងមូលដ្ឋានសុខាភិបាលនោះទេ។
៣. បន្តពង្រឹងភាពជាដៃគូ និងបន្តខិតខំសម្របសម្រួល សហការគ្នា ដើម្បីធ្វើឱ្យស្ថានភាពអា ហារូបត្ថម្ភស្ត្រី និងកុមារ មានភាពប្រសើរឡើង តាមរយៈការចូលរួមផ្សព្វផ្សាយ ស្តីពីការ បរិភោគអាហារចម្រុះ និងមានសារជាតិចិញ្ចឹមគ្រប់គ្រាន់។
និង ៤. សូមបន្តធ្វើការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ព្រមទាំងការចូលរួមរបស់អ្នកសារពត៌មានផងដែរ ដើម្បីផ្សព្វផ្សាយការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ហើយរួមគ្នាជួយដោះស្រាយនូវភាពស្មុគស្មាញនៃឬសគល់បញ្ហាអាហារូបត្ថម្ភ ដើម្បីឈានទៅលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា៕ អត្ថបទ៖ សែម ពិសី