សម្ដេចធិបតី ថាវត្តមានលោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា
(ភ្នំពេញ)៖ ថ្លែងនៅក្នុងជំនួបជាមួយលោក ម៉ានី ប៉ាគីអាវ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកវត្តមានរបស់ស្តេចប្រដាល់ហ្វីលីពិនរូបនេះលើទឹកដីកម្ពុជា នឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា។
ក្នុងជំនួបនេះ លោក ម៉ានី ប៉ាគីអាវ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ស្តេចប្រដាល់របស់ហ្វីលីពិនរូបនេះ ក៏បានសម្តែងក្តីរីករាយដែលបានចូលរួមជាមួយកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍របស់លោកពាក់ព័ន្ធវិស័យកីឡាប្រដាល់។
លោក ម៉ានី ប៉ាគីអាវ បានជម្រាបជូនសម្តេចធិបតីថា កីឡាប្រដាល់ គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបានអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។
លោក ម៉ានី ប៉ាគីអាវ ក៏បានជម្រាបជូនសម្ដេចធិបតីផងដែរថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៅកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ានី ប៉ាគីអាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីមួយធ្វើឡើងនៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) អតីតប្រធានាធិបតីហ្វីលីពីន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
សម្ដេចធិបតីថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕