អ្នកនាំពាក្យបរិស្ថាន៖ សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ខេត្តបាត់ដំបង

បាត់ដំបង៖ សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដោយថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ ដែលត្រូវបានរកឃើញទាំងនោះរួមមាន៖ សត្វកែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។ នេះបើយោងតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ។

ការរកឃើញនេះ បន្ទាប់ពីមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីន​ថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាព​ភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការ​អភិរក្សការការពារភ្នំថ្មកំបោរ​ ក្រោមជំនួយ​ឧបត្ថម្ភ​ថវិកាដោយសហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ ​ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។

លោក ខ្វៃ អាទិត្យា អះអាងថា នេះជាមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ ​និងរុក្ខជាតិប្រចាំកម្ពុជា(FFI) រួមជាមួយ​អ្នកពាក់ព័ន្ធ ដែលបាន​ខិតខំ​ប្រឹងប្រែង​ការសិក្សាស្រាវជ្រាវ​ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ​ ដែលមានវត្តមាន នៅក្នុងតំបន់​អភិរក្សរបស់ប្រទេសកម្ពុជា ​ដើម្បីជាប្រយោជន៍​សម្រាប់ការអភិរក្ស ​និងសម្រាប់ការយល់ដឹងរបស់​សាធារណេជន ។

អ្នកនាំពាក្យរូបនេះ បានថា «ការរកឃើញតាមរយៈការសិក្សាបង្ហាញថាជីវៈចម្រុះនៅ​ប្រទេស​កម្ពុជា ​ត្រូវបានយកចិត្តទុកដាក់ការពារ និងអភិរក្សខ្ពស់បំផុតក្នុងពិភពលោក ជាពិសេស​នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលអាចវាយតម្លៃឃើញថា មានកើនឡើង និងមានការរស់រាន​មានជីវិតរបស់ពួកវាក្នុងរយៈពេលវែង និងមានស្ថានភាពល្អប្រសើរ»។ ក្រសួងបរិស្ថាន នឹងបន្តធ្វើការជាមួយដៃគូ និងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ រួមជាមួយ សហគមន៍ និងវិស័យឯកជន ដើម្បី​អភិរក្សតំបន់​ការពារធម្មជាតិ​ ដែលធនធាន​ជីវៈចម្រុះកំពុង​មានចំនួនកើនឡើងនិងកំពុងរស់នៅ»។

បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងបរិស្ថាន ក៏កំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យ​បរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តបីចម្បង គឺស្អាត បៃតង និងចីរភាព ។ ក្នុងនោះ មុំ​យុទ្ធសាស្រ្តទី២ «បៃតង» គឺជំរុញនូវអាទិភាព៣ ក្នុងនោះ ១.ជំរុញការដាំឈើ​ឱ្យបាន​ច្រើន យ៉ាង​តិចចំនួន ១លានដើមក្នុង១ឆ្នាំ ចែកកូនឈើតាមរយៈយុទ្ធនាការ«ពន្លកបៃតង» ដើម្បីចែកជូនកូនឈើដោយឥតគិថ្លៃដល់ប្រជាពលរដ្ធដាំ ចាប់ពីថ្ងៃទ១០ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីស្តារព្រៃឈើ ដាំតាមទីសាធារណៈ វត្តអារាម សាលរៀន និងតាមមូលដ្ឋាន និងបង្កើនគម្របបៃតង ឈានឆ្ពោះទៅ សម្រេចផែនការគម្របព្រៃកើនឡើង ៦០% នៅឆ្នាំ២០៥០។

២.ការពង្រឹងការអនុវត្តច្បាប់១០០% ព្រមទាំងសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពប្រឆាំងងអំពើពុករលួយ ដើម្បីពង្រឹងការទប់ស្កាត់ និងប្រឆាំងបទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ៣ ជំរុញការចូលរួមពីសហគមន៍ក្នុងការពារនិងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់​ជីវភាព​សហគមន៍មូលដ្ឋាន ដើម្បីប្រជាសហគមន៍ ​មានជីវភាពរីកចម្រើន មានជម្រើសពីការចូលព្រៃ មក​បង្កើតមុខរបរថ្មី ជាពិសេសគម្រោងអភិវឌ្ឍន៍​គោលដៅលំហែរបៃតង ​ដែលប្រជាសហគមន៍​អាចរកចំណូល​បានពីទេសចរណ៍ធម្មជាតិ ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន​ ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែង ដែលភ្នំកំបោរទាំងនោះមានសារៈសំខាន់យ៉ាងខ្លាំង ​ផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ​ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds