ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ៤នាក់ រឹបអូសថ្នាំញៀនជាង២៥៤គីឡូក្រាម
រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦ និង៣០នាទីព្រឹក កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ជាលទ្ធផលសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ (ថៃ ៣នាក់ ខ្មែរ ១នាក់)រួមមន ៖ ១.ឈ្មោះ អ៊ាប សុខឃឹម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ គ្រីបប្រាឆាយា ភរ៉ាសក្តិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ, ៣.ឈ្មោះ សែចាំង ប្រាវីត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ, ៤.ឈ្មោះ វង្ស ប៊ុនឆៃលើត ធារ៉ាឆៃ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ។
ចាប់យកវត្ថុតាងរួមមាន ៖
១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២២២៩០០ ក្រាម
២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៣១៨០៨ក្រាម
វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២៥៤៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម)
សម្ភារចាប់យករួមមាន ៖ ១.រថយន្តចំនួន ៤គ្រឿង, ២.ទូរស័ព្ទដៃចំនួន ១២គ្រឿង
៣.វិទ្យុទាក់ទងចំនួន ៣គ្រឿង គ្រាប់បែកដៃចំនួន ២គ្រាប់, ៤.លុយបាត និងលុយដុល្លាមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕