តុលាការខេត្តសៀមរាបចុះអនុវត្តដីការរក្សាការពារដីទំហំ១ហិកតាពីបុគ្គលជាអ្នកលក់ដីម្នាក់ដែលមិនធ្វើតាមកិច្ចសន្យាចូលវិនិយោគ
លោក ឡុង សារ៉ាត់ អាជ្ញាសាលាតុលាការខេត្តសៀមរាប នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំចុះអនុវត្តដីការក្សាការពារទីតាំងដីមួយកន្លែងដែលមានទំហំប្រមាណ ១០,០០០ម៉ែត្រការ៉េ (១ហិកតា) ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ការចុះអនុវត្តដីកាការពារដីខាងលើនេះ ដោយយោងតាមសំណើសុំពីប្រជាពលរដ្ឋជាសហម្ចាស់បំណុលចំនួន ៣នាក់ រួមមាន៖
ទី១. ឈ្មោះ ពេជ្រ ស្រស់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ៖ ០៦១៤៩៤៧២៨ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ មានអាសយដ្ឋានផ្ទះលេខ៨៨១ ផ្លូវលេខ៧៤សេ ភូមិថ្មីគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី២. ឈ្មោះ ជីវ ណារ៉ា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ៖ ១៨០៩១៣៨៩០ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ មានអាយដ្ឋានស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ទី៣. ឈ្មោះ ជឿន មុន្នីរាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ៖ ០១០៩៣៥៤៣០ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ មានអាសយដ្ឋានផ្ទះលេខ៤៤ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការឈានដល់តុលាការខេត្តសៀមរាបចេញដីកាចុះរក្សាការពារទីតាំងដីប្រមាណ១ហិកតាស្ថិតខាងលើនេះ ដើម្បីហាមឃាត់កូនបំណុលឈ្មោះ គង់ សៀកធី មិនឱ្យធ្វើសកម្មភាពលក់ដូរ ជួល បញ្ចាំ ហ៊ីប៉ូតែក ប្រទានកម្ម ផ្ទេរកម្មសិទ្ធិ ឬផ្ទេរកាន់កាប់ និងចាត់ចែងផ្សេងៗទៀត ជាបណ្ដោះអាសន្ន រង់ចាំតុលាការសម្រេចដល់អង្គសេចក្ដីចប់ជាស្ថាពរ ដោយសារ។
ទីតាំងដីនេះមានក្បាលដីលេខ ៦៨៤, ៦៨៧, ៦៨៨, ៦៩១, ៦៩២, ៦៩៣ ទំហំសរុបប្រហែល ១០,០០០ម៉ែត្រការ៉េ ឬស្មើប្រមាណ ១ហិកតា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមខ្លឹមសារនៃដីការសម្រេចរក្សាការពាររបស់តុលាការខេត្តសៀមរាបបញ្ជាក់ថា ការចុះអនុវត្តដីការក្សាការពារទីតាំងដីនេះ ដោយសារកូនបំណុលដែលជាអ្នកលក់ដីទាំង១ហិកតា (ក្បាលដីលេខ ៦៨៤, ៦៨៧, ៦៨៨, ៦៩១, ៦៩២, ៦៩៣)ទៅឱ្យសហម្ចាស់បំណុលទាំងបីនាក់ខាងលើ ដោយសហម្ចាស់បំណុលទាំងបីទិញដីក្នុងគោលបំណងអភិវឌ្ឍន៍ និងវិនិយោគក្នុងការសង់ផ្ទះលក់ រហូតកូនបំណុលដែលជាម្ចាស់ដី បានព្រមព្រៀងជាមួយសហម្ចាស់បំណុលទាំងបីនាក់ ចុះកិច្ចសហការរួមវិនិយោគលើគម្រោង GOLDEN PALCE កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ផ្ទុយទៅវិញ ក្រោយចុះកិច្ចព្រមព្រៀង កូនបំណុលឈ្មោះ គង់ សៀកធី បែរជាមិនសហការជាមួយម្ចាស់បំណុលទាំងបីនាក់ឡើយ ទាំងដែលសហម្ចាស់បំណុលបានទូទាត់ប្រាក់មួយចំនួនជូនកូនបំណុលដែលជាម្ចាស់ដីរួចរាល់ហើយតាមកិច្ចសន្យាទិញ-លក់ និងកិច្ចសន្យាចូលរួមវិនិយោគ៕