នាយិការWA៖ សត្វខ្លាំធំចំនួន៤ក្បាល ដែលនាំចូលពីប្រទេសឥណ្ឌា នឹងដឹកជញ្ជូនដល់កម្ពុជាឆាប់ៗនេះ
ភ្នំពេញ ៖ នាយិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត អះអាងថា សត្វខ្លាំធំ ឬខ្លាដំបងចំនួន៤ក្បាល ដែលនាំចូលពីប្រទេសឥណ្ឌា នឹងដឹកជញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញរបស់កម្ពុជា ឆាប់ៗនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលមានការចូលរួមពីលោកជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត, លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជានៅឆ្នាំក្រោយនេះ គឺមានឈ្មោលចំនួន១ក្បាល និងញីចំនួន៣ក្បាល។
បើតាម កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំតម្លើងកាំមេរ៉ាចំនួន៤១០គ្រឿង នៅទូទាំងតំបន់ទេសភាពជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។ សត្វខ្លាធំទាំង៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។
នាយិការូបនេះបន្ថែមថា «អង្គការយើងចុះការពារផ្ទាល់នូវតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញទំហំ ១,៧លានហិកតា។ យើងមានគោលបំណងការពារ និងអភិរក្សព្រៃ រងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុង ក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។
គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើង បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថាសត្វខ្លាធំនៅមានចំនួន ប្រហែល ៣,២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមានក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាល នៅក្នុងពិភពលោក។
សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា៕