ឃាត់ខ្លួនជនល្មោភកាមម្នាក់ រំលោភក្មេងស្រីតាំងពីអាយុ១២ឆ្នាំ រហូតដល់អាយុ១៤ឆ្នាំ

(ឧត្តរមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ បន្ទាប់ពីបុរសរូបនេះ បានលួងលោមរួមភេទជាមួយក្មេងស្រីជាអនីតិជនម្នាក់ រហូតមានផ្ទៃពោះជាង១ខែ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមការបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។

ប្រភពពីមន្ត្រីអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺយោងតាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ ឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ រស់នៅភូមិដីក្រហម ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបានប្តឹងជនសង្ស័យ ឈ្មោះ ក្រូច ផាត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពីបទរំលោភសេពសន្ធៈវៈកូនស្រីរបស់គាត់ដែលជាអនីតិជនឈ្មោះ ស. ស.ន រហូតមានផ្ទៃពោះ ០១ខែកន្លះ។

បើតាមការឲ្យដឹងពីមន្ត្រីអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដោយដកស្រង់សំដីម្តាយក្មេងស្រីរងគ្រោះថា ករណីរំលោភនេះកើតឡើងតាំងពីឆ្នាំ២០២២ម្លេះ ស្របពេលដែលក្មេងស្រីរងគ្រោះ ទើបតែអាយុ១២ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែដោយសារឃើញអាការៈកូនស្រីប្លែក ម្តាយជជីកសួរតែកូនស្រីមិនប្រាប់ទេ ដោយសារខ្លាចការគម្រាមរបស់ជនសង្ស័យ ទើបធ្វើឲ្យម្តាយប្រើចិត្តសាស្ត្រថា បើមិនប្រាប់ទេ និងនាំទៅឲ្យប៉ូលីសសួរ ប្រយ័ត្នខ្មាស់គេ ដោយសារខ្លាចខ្មាស់គេ ទើបក្មេងស្រីរងគ្រោះប្រាប់ម្តាយពីដំណើររឿងទាំងអស់ ទើបធ្វើឲ្យម្តាយឪពុកក្មេងស្រីរងគ្រោះរូបនេះដាក់ពាក្យប្តឹង រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds