កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» ដើម្បីចែកកូនឈើយ៉ាងតិច១លានដើមជូនប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ

ភ្នំពេញ៖ ក្រសួងបរិស្ថានរៀបចំការតាំងពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» ចាប់ពីថ្ងៃទី១០-១៦ ខែកក្ដដា ខាងមុខនេះ ដោយមានការដាក់តាំងបង្ហាញនូវដើមឈើជាច្រើនប្រភេទ ចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាសហគមន៍ ដាំលើផ្ទៃដីសឹករិចរិល នៅតាមផ្លូវសាធារណៈ សាលារៀន វត្តអារាម និងតាមតំបន់ផ្សេងៗទៀតនៅក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និសិទសារព័ត៌មានស្តីពីពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាបាននឹងកំពុង តែមានភាពល្អប្រសើរ និងទទួលបានជោគជ័យ លើការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ដោយមានអ្នកចូលរួមចំនួនជាង ៨ លាន/អង្គនាក់ បានបេ្ដជ្ញា«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» បើគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលបច្ចុប្បន្ននេះ។ ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» នឹងសម្រេចបានជោគជ័យបន្ថែមទៀត សម្រាប់«ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។

លើសពីនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានប្រកាសដាំស្តារព្រៃ រាប់ពាន់ហិកតា ដែលដកហូតបានកាលពីពេលថ្មីៗកន្លងមកនេះ ពីសំណាក់ជនខិលខូច លួចកាប់ ទន្រ្ទានដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងរដូវស្សារនាពេលខាងនេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងផងដែរថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង និងលើក ជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds