EU និងFAO រួមគ្នាក្នុងភាពជាដៃគូ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យជលផល

ភ្នំពេញ៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប (EU) កំពុងផ្ដល់ការគាំទ្រដល់រដ្ឋបាលជលផលកម្ពុជា តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យការល្បាត (SMART) សម្រាប់ពង្រឹងការអនុវត្តច្បាប់ជលផល ដោយបានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធ SMART រួមទាំងការពង្រឹងយុទ្ធសាស្ត្រអនុវត្តសម្រាប់ពេលអនាគតត្រូវបានផ្សព្វផ្សាយ ក្នុងគោលបំណងធានាបាននូវនិរន្តរភាពនៃការប្រើប្រាស់ប្រព័ន្ធនេះក្នុងវិស័យជលផល។

លោក សុង ហុង អនុប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា “ការចុះល្បាតដោយប្រើប្រាស់ប្រព័ន្ធSMART ក្នុងវិស័យជលផលនៅកម្ពុជា បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០២១មក ដោយក្នុងនោះបានធ្វើការចុះល្បាតប្រមាណជាង ៤៥ ០០០ដង នៅលើដែននេសាទទឹកសាប និងសមុទ្រប្រមាណជាង ២៥០០ដង ក្នុងមួយឆ្នាំៗ”។

លោកបានបន្ថែមទៀតថា គំរូទិន្នន័យប្រព័ន្ធ SMART សម្រាប់ដែននេសាទសមុទ្រ និងទឹកសាបត្រូវបានបង្កើតឡើង។ ផ្ទាំងកម្មវិធីប្រើប្រាស់ជាភាសាខ្មែរ ដែលជាកំណែចុងក្រោយបំផុតនៃកម្មវិធី SMART ត្រូវបានដាក់ឱ្យប្រើទាំងនៅលើកុំព្យូទ័រ និងទូរស័ព្ទដៃ ហើយក្រុមការងារស្នូល SMART របស់រដ្ឋបាលជលផលក៏ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មន្ត្រីនៅតាមទីវាល គ្រប់គ្រងនិងវិភាគទិន្នន័យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្សេងៗ។

ចំណែកលោក Theodorus Visser មន្ត្រីបច្ចេកទេសផ្នែកគ្រប់គ្រងជលផលទឹកសាប និងព័ត៌មាននៃអង្គការ FAO មានប្រសាសន៍ថា SMART ត្រូវបានប្រើប្រាស់ទូទាំងពិភពលោកនៅតាមតំបន់អភិរក្សជាង​១០០០កន្លែងនៃបណ្ដាប្រទេសជាង១០០ ហើយរដ្ឋាភិបាលជាង២៥ប្រទេសបានទទួលយកទៅអនុវត្ត និងប្រើប្រាស់ជាស្តង់ដារសម្រាប់ការគ្រប់គ្រងព័ត៌មាន និងទិន្នន័យ។ សម្រាប់ប្រទេសកម្ពុជា SMART ត្រូវបានដាក់ឱ្យប្រើ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់នៅតាមតំបន់ផ្សេងៗ ដូចជាតំបន់ដីគោក ទឹកសាប និងសមុទ្រ តាំងពីឆ្នាំ២០១៣មកម្ល៉េះ។

SMART ត្រូវបានបង្កើតឡើងតាមរយៈភាពជាដៃគូជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) រួមជាមួយនឹងទីភ្នាក់ងារ
អភិរក្សឈានមុខចំនួនប្រាំពីរទៀត។ កម្មវិធីនេះ គឺជាប្រភេទឧបករណ៍ ដែលអាចចូលប្រើបានដោយឥតគិតថ្លៃ ដែលមាន
សមត្ថភាពជួយសម្រួលដល់ការងារវាស់វែង វាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនៃការពង្រឹងសកម្មភាពការចុះល្បាត
និងការអភិរក្ស។

តាមបទពិសោធនដែលទទួលបានពីការអនុវត្តប្រព័ន្ធ SMART នៅកម្ពុជា វានឹងក្លាយជាប្រព័ន្ធកម្មវិធីគំរូសម្រាប់យកទៅអនុវត្តនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទូទាំងពិភពលោក ដែលជាការរួមចំណែកដល់និរន្តរភាពនៃការអនុវត្តច្បាប់ស្តីពីជលផល នៅដែននេសាទទឹកសាប និងសមុទ្រ។

គម្រោងការគាំទ្របច្ចេកទេស កម្មវិធី CAPFISH-Capture របស់អង្គការ FAO បានជួយបង្កើនសមត្ថភាពដល់មន្ត្រីរដ្ឋបាលជលផលក្នុងការប្រើប្រាស់ប្រព័ន្ធ SMART។ នៅក្នុងប្រព័ន្ធនេះផងដែរ ក៏មានបញ្ចូលកម្មវិធី និងមុខងារវិភាគទិន្នន័យផ្សេងៗ ដែលផ្ដល់ជាអត្ថប្រយោជន៍យ៉ាងច្រើនដល់មន្ត្រីជលផល ក្នុងការគ្រប់គ្រង និងការពារធនធានជលផល។ មកដល់បច្ចុប្បន្ននេះ មន្ត្រីរដ្ឋបាលជលផល និងខណ្ឌចំនួន៥០០នាក់ទទួលបានការបណ្តុះបណ្តាលគ្រប់ផ្នែកទាំងអស់ទៅលើការប្រើប្រាស់ប្រព័ន្ធ SMART ។ ឧបករណ៍នេះ នឹងជួយសម្រួលដល់ការប្រមូលការវិភាគ ការផ្ទុក និងការវាយតម្លៃទិន្នន័យស្តីពីការងារចុះល្បាត ស្ថានភាពនៃការគំរាមកំហែង និងលទ្ធផលនានា ព្រមទាំងសកម្មភាពនៃការអនុវត្តច្បាប់ផ្សេងៗដែលពាក់ព័ន្ធ។

កម្មវិធី CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប មានគោលបំណងលើកកម្ពស់អនុលោភាពនៃបទប្បញ្ញត្តិសម្រាប់ការពារធនធានជលផលរបស់កម្ពុជា។ តាមរយៈជំនួយបច្ចេកទេសរបស់អង្គការ FAO  និងដោយមានកិច្ចសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយគាំទ្រមន្ត្រីរដ្ឋបាលជលផលក្នុងការរៀបចំប្រព័ន្ធ SMART ដែលជួយពង្រឹងការអនុវត្តច្បាប់ស្តីពីជលផលនៅកម្ពុជា៕May be an image of 4 people and boatMay be an image of 4 peopleMay be an image of 2 peopleMay be an image of 16 people and people studyingMay be an image of 9 people, people studying, table and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds