មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ក្លាយជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ
អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និង Alive & Thrive / FHI360 បានបំពាក់មណ្ឌលសុខភាពចំនួន៨ ក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប ត្រូវបានក្លាយជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC) ដើម្បីវាយតម្លៃថាតើវិធីសាស្រ្តនេះមានផលវិជ្ជមានដល់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមស្ត្រីដែលសម្រាលកូននៅក្នុងមណ្ឌលសុខភាពទាំងនោះ។នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការខាងលើ ដែលផ្តល់មកកាន់អង្គភាពសារព័ត៌មាន Fast News កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា ការបំពាក់មណ្ឌលសុខភាពចំនួន៨ ជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC) គឺបានផ្តោតសំខាន់ទៅលើផលជះនៃការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោង បន្ទាប់ពីការសម្រាល និងការពង្រឹងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយបន្ថែមទៀត ដើម្បីបង្កើនសុខុមាលភាពរបស់ទារកទើបនឹងកើត និងស្រ្តីក្រោយសម្រាល។
ការសិក្សានេះនៅតាមមណ្ឌលសុខភាពទាំងនោះ ត្រូវបានអនុវត្តដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក និងមន្ទីរសុខាភិបាលខេត្តសៀមរាប។ សមត្ថភាពឆ្មបនៅក្នុងមណ្ឌលសុខភាពទាំងនេះមានភាពប្រសើរឡើងជាងមុន ក្រោយការអនុវត្តគម្រោងនេះអស់រយៈពេលជាង១ឆ្នាំ តាមរយៈការបណ្តុះបណ្តាល និងការត្រួតពិនិត្យដែលផ្តោតលើការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ការតាមដាន ការចុះជួបណែនាំដោយមន្ទីរសុខាភិបាលខេត្ត និងមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក។
បទពិសោធន៍នៃការបំបៅកូនដោយទឹកដោះម្តាយក្នុងចំណោមម្តាយដែលសម្រាលនៅមណ្ឌលសុខភាពទាំងនេះមុន និងក្រោយអន្តរាគមន៍ត្រូវបានកត់ត្រាទុក ហើយតាមរយៈការសិក្សា បានរកឃើញថាម្តាយមានបទពិសោធន៍បំបៅកូនដោយទឹកដោះម្តាយជាវិជ្ជមាន ទទួលបានការគាំទ្រកាន់តែប្រសើរពីបុគ្គលិកមណ្ឌលសុខភាពសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយ និងដឹងច្បាស់អំពីការបំបៅកូនដោយទឹកដោះម្តាយ។
ជាងនេះទៀត ក្រោយបញ្ចប់ការសិក្សានៅមណ្ឌលសុខភាពទាំងនោះ ឃើញថា ស្ត្រីមានផ្ទៃពោះ ទទួលបានការអប់រំអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីផ្តល់អាទិភាពដល់ការបំបៅកូននៅពេលពួកគេសម្រាល។ ភាគរយនៃម្តាយដែលបានរាយការណ៍ថា បានទទួលព័ត៌មានពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយបានកើនឡើងពី ៨៣,៧ % មុនពេលអន្តរាគមន៍ រហូតដល់ ១០០% នៅចុងបញ្ចប់នៃអន្តរាគមន៍។ ដូចគ្នាដែរ ភាគរយនៃម្តាយដែលសម្រាលកូនដោយទទួលបានការប្រឹក្សាពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយក៏បានកើនឡើងពី ៧៧,៦% មុនការសិក្សា ដល់ ១០០% នៅចុងបញ្ចប់នៃការសិក្សានេះ។ ការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងក្រោយកំណើតអាចការពារទារកទើបនឹងកើតពីការឆ្លង និងកាត់បន្ថយមរណៈភាពក្នុងចំណោមទារកទើបនឹងកើត។
មិនត្រឹមតែប៉ុណ្ណោះ ការបំបៅដោះកូន ក៏ជួយបង្កើតទំនាក់ទំនងផ្លូវចិត្តរវាងម្តាយ និងទារកផងដែរ។ ការចាប់ផ្តើមនៃការបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេលមួយម៉ោងនៃកំណើតបានកើនឡើងពី ៨១,៧% មុនពេលសិក្សាដល់ ៩៨% នៅតំណាក់កាលបញ្ចប់។ ១០០% នៃទារកទើបនឹងកើត ត្រូវបានផ្តល់តែទឹកដោះម្តាយសុទ្ធក្នុងអំឡុងពេលស្នាក់នៅក្នុងមណ្ឌលសុខភាពនៅចុងបញ្ចប់នៃការសិក្សា។
ជុំវិញរឿងនេះដែរ ត្រូវបានលោកស្រី ជិន សេដ្ឋា ប្រធានជាន់ខ្ពស់កម្មវិធី Alive & Thrive បានមានប្រសាសន៍ថា៖«មានសារៈសំខាន់ណាស់ក្នុងការបំបៅទារកទើបនឹងកើតដោយទឹកដោះម្តាយដោយផ្អែកតាមតម្រូវការ ដូច្នេះទារកត្រូវបានបំបៅតាមតម្រូវការ ហើយវាអាចជួយទារកទើបនឹងកើតឡើងទម្ងន់បានសមស្រប”។ នៅពេលចាប់ផ្តើមនៃការសិក្សា មានតែម្តាយ ចំនួន ៦៨,៨ % ប៉ុណ្ណោះដែលបានលើកឡើងពីការទទួលបានព័ត៌មានស្តីពីសញ្ញានៃការបំបៅ ខណៈដែលនៅដំណាក់កាលបញ្ចប់ ១00% នៃម្តាយបានលើកឡើងថា ទទួលបានព័ត៌មានស្តីពីការណែនាំការបំបៅដោះទារកទើបនឹងកើតទាន់ពេលវេលា»។
ចំណែកឯ លោក មាស ដារ៉ា ប្រធានមណ្ឌលសុខភាពចារឈូក បានលើកឡើងថា៖«ឆ្មបដែលធ្វើការនៅមណ្ឌលសុខភាពនេះធ្លាប់ផ្តល់ម្សៅទឹកដោះគោជំនួសទឹកដោះម្តាយពីមុនមក។ ដោយសារមណ្ឌលសុខភាពនេះត្រូវបានដាក់បញ្ចូលនៅក្នុងការសិក្សា ពួកគេក៏បានផ្លាស់ប្តូរការអនុវត្តរបស់ពួកគេផងដែរ។ នៅពេលដែលបុគ្គលិកផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយារបស់ពួកគេវាមានប្រយោជន៍ក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់ម្តាយក្រោយសម្រាល។ បុគ្គលិកមណ្ឌលសុខភាពអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ និងច្របាច់ទឹកដោះ នៅពេលធ្វើការនៅមណ្ឌលសុខភាព”។
សេចក្តីប្រកាស ក៏បានបញ្ជាក់ទៀតថា មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ (BFHC) អនុវត្តតាមជំហានទាំង ១០ នៃគំនិតផ្តួចផ្តើមមន្ទីរពេទ្យស្រឡាញ់ទារកជាសកល(BFHI) ដែលដឹកនាំដោយUNICEF និង អង្គការសុខភាពពិភពលោក ដើម្បីលើកកម្ពស់ និងគាំទ្រការអនុវត្តការបំបៅកូនដោយទឹកដោះ។
បន្ថែមពីនេះ លោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានចាត់ទុកថា៖“ការរកឃើញពីការសិក្សាសាកល្បងនេះ បង្ហាញពីភស្តុតាងច្បាស់លាស់ថា វិធីសាស្រ្តមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ បានចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ។ ការពង្រីកវិសាលភាពនៃការអនុវត្តវិធីសាស្រ្តនេះអាចមានផលជះវិជ្ជមានយ៉ាងធំធេងដល់អាហារូបត្ថម្ភរបស់កុមារនៅក្នុងប្រទេសកម្ពុជា”។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានកន្លែងថែទាំសុខភាពរួមមានមន្ទីរពេទ្យបង្អែកចំនួន ១០២ (៩ ថ្នាក់ជាតិ ២៥ ខេត្ត ក្រុង ៦៨) មណ្ឌលសុខភាព ១១៤១ និងប៉ុស្តិ៍សុខភាពចំនួន ១០៧។ ដោយឡែក មណ្ឌលសុខភាពចំនួន៨ ដែលបានក្លាយជាមណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ គឺស្ថិតនៅក្នុងស្រុកចំនួន៣ រួមមាន៖ ១.ស្រុកវ៉ារិន( មណ្ឌលសុខភាពវ៉ារិន, ល្វាក្រាំង,ស្វាយស) ២. ស្រុកពួក(មណ្ឌលសុខភាពដំណាក់ស្លាញ់,យាង,សសរស្តម,ព្រៃជ្រូក) និង៣.ស្រុកអង្គរជុំ (មណ្ឌលសុខភាពចាឈូក)៕ អត្ថបទ៖ ពិសី