ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះMOU ជាមួយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ
សាធារណរដ្ឋកូរ៉េ៖ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែឧសភានេះ បានអញ្ជើញជាហត្ថលេខីរួមគ្នាជាមួយឯកឧត្តម AHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ក្នុងពិធីចុះហត្ថលេខានេះ មានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការសម្របសម្រួលការវិនិយោគនៅក្នុងប្រទេសទាំងពីរ តាមរយៈការបង្កើតបរិយាកាសអំណោយផល ដែលសម្រួលដល់ការបង្កើត ប្រតិបត្តិការ និងការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។ ភាគីទាំងពីរបានឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ តាមវិស័យជាក់លាក់ សំដៅទាក់ទាញរំហូរវិនិយោគិនកូរ៉េបានកាន់តែច្រើន៕