រដ្ឋមន្រ្តីបរិស្ថាន៖ អាកាសធាតុក្តៅបង្កការប៉ះពាល់ដល់ពលរដ្ឋប្រើប្រាស់ទឹកស្អាត និងដល់ដំណាំកសិកម្ម
ភ្នំពេញ៖ តាមរយៈការប្រែប្រួលអាកាសធាតុកន្លងមក ពលរដ្ឋកម្ពុជាមួយចំនួនអាចនឹងជួបកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ ក្រៅពីនេះវាក៏បង្កបញ្ហាកង្វះទឹកក្នុងការធ្វើកសិកម្មរបស់ពលរដ្ឋផងដែរ ខណៈគ្រោះរាំងស្ងួតបានក៏បង្កបញ្ហាចំបងដែលបង្កការប៉ះពាល់ដល់ពលរដ្ឋពិសេសអគ្គីភ័យ។
ថ្លែងក្នុងវេទិការ “សកម្មភាពអាកាសធាតុសាកល២០២៤”ដែលបានរៀបចំឡើងនាសណ្ឋាគារ ហ៊ីម៉ាវ៉ារី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា តាមរយៈអាកាសធាតុក្តៅហួតហែងនេះ គឺគេបានមើលឃើញត្រពាំងទឹក បឹងបួរ បានស្ងួតហួតហែងដែលជះផលមិនល្អដល់ការរស់នៅរបស់មនុស្សសត្វ។ ឯកឧត្តម ថា« កម្ពុជាបានធ្វើកិច្ចការងារប្រែប្រួលអាកាសធាតុរយៈពេល២៨ឆ្នាំកន្លងមកហើយ ហើយយើងនឹងបញ្ជាក់ពីផលសម្រេចបានក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះថា យើងមានលទ្ធភាពអាចគ្រប់គ្រងទៅនឹងស្ថានភាពការប្រែប្រួលអាកាសធាតុ ដោយក្នុងនេះអាចឱ្យពលរដ្ឋរស់នៅបានដោយសុវត្តិភាព»។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កម្ពុជាទទួលបានមូលនិធិ១០០ពាន់លានដុល្លារក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ មូលនិធិទាំងនេះដែរត្រូវបានពិនិត្យពិច័យ នឹងការប្រើប្រាស់យ៉ាងប្រយ័ត្នប្រយែងសំដៅធ្វើយ៉ាងណា ឱ្យការចំណាយទទួលបានមកវិញនូវលទ្ធផលខ្ពស់ ដែលឆ្លើយតបទៅនឹងការចង់បានរបស់យើងគ្រប់រូប។
ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានបន្ថែមទៀតថា ដោយឡែកការអភិរក្សព្រៃឈើដោយសារភ្លៀងធ្លាក់មិនទៀងទាត់បានជះផលប៉ះពាល់មួយចំនួនដូចគ្នា។ កង្វះទឹកភ្លៀងក៏ជាឧបសគ្គដល់គម្រោងនៃការដាំដើមឈើក្នុងមួយលានដើមរបស់ក្រសួងបរិស្ថានដូចគ្នា។ ដើម្បីធ្វើកាងារទៅលើការសន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុគ្រប់វិស័យទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណជាង៧ប៊ីលានដុល្លារអាមេរិក ក្នុងនោះចំនួន២ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងចំនួន៥,៨ពាន់លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG) ដូចបានកំណត់ក្នុងគោលដៅកាត់បន្ថយឱ្យបានក្នុងរង្វង់៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា កម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងនេះកម្ពុជាបានតាំងចិត្តខ្ពស់ផងដែរនៃឧស្ម័នផ្ទះកញ្ចក់ និងក្នុងឆ្នាំ២០៣០ នឹងមានការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០ភាគរយ។ក្រៅពីនេះការប្រើប្រាស់ថាមដោយពលធ្យូងថ្មនឹងកាត់បន្ថយដូចគ្នា។ «ការដាក់ចេញផែនការរបស់ប្រទេសកម្ពុជា ក្នុងនេះគិតត្រឹមឆ្នាំ ២០៥០ កម្ពុជាមិនត្រឹមដាក់ផែនការជាប្រទេសអព្យាក្រឹតកាបូន គឺនឹងរក្សាឲ្យមានគម្របព្រៃឈើឲ្យបាន ៦០ភាគរយថែមទៀត»នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន៕