សាច់បង្កកនិងគ្រឿងក្នុងសត្វខូចគុណភាពចំនួន ៥៥២គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញនៅក្នុងរថយន្ត១គ្រឿង

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤សាច់បង្កកនិងគ្រឿងក្នុងសត្វខូចគុណភាពចំនួន ៥៥២គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញនៅក្នុងរថយន្ត១គ្រឿង ។ សាច់ខូចគុណភាពនិងនាំឱ្យប៉ះពាល់ដល់សុខភាពទាំងនេះ ត្រូវបានដឹកតាមរថយន្ត១គ្រឿង ម៉ាកតូយ៉ូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2C-5949។

បើតាមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដោយមានការសង្ស័យទៅលើរថយន្តដឹកសាច់បង្កក និងគ្រឿងក្នុងសត្វនេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយជំនាញបសុពេទ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានស្ទាក់ចាប់ត្រួតពិនិត្យ និងឆែកឆេរ នៅចំណុចលើផ្លូវជាតិលេខ៥ មុខក្លោងទ្វារ វត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់។

ការឆែកឆេរនិងត្រួតពិនិត្យ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា បន្ទាប់ពីមានការសម្របសម្រួលនីតិវិធីពីលោក គ្រី សីហា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិសាត់។ ចំពោះលទ្ធផលនៃការត្រួតពិនិត្យនិងឆែកឆេរ កម្លាំងសមត្ថកិច្ចបានរកឃើញសាច់បង្កក និងគ្រឿងក្នុងសត្វ ខូចគុណភាព គ្មានលិខិតអនុញ្ញាត និងគ្មានប្រភពច្បាស់លាស់ចំនួន ៥៥២គីឡូក្រាម។

សាច់ខូចគុណភាពទាំងនោះរួមមាន៖ អណ្តាតជ្រូក ៤២ថង់ ស្មើនឹង ២១០គីឡូក្រាម, ពោះគោសម្អាតរួច ២៤ថង់ ស្មើនឹង ១៥០គីឡូក្រាម, ជើងជ្រូក ៩៥គីឡូក្រាម និងជង្គង់មាន់-ទាដកឆ្អឹងរួច ៦៧គីឡូក្រាម។ បើតាមស្នងការដ្ឋាននគរបាលខេត្ត បញ្ជាក់ថា សាច់បង្កក និងគ្រឿងក្នុងសត្វខូចគុណភាពទាំង ត្រូវបានធ្វើការដុតកម្ទេចចោលតាមវិធានបសុពេទ្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds