អ្នកលេងគុនខ្មែរជួរមុខ១០នាក់ ត្រៀមប៉ះកីឡាករចិន នៅសង្វៀនរាជសីគុនខ្មែរ យប់នេះ

កីឡាករប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងដ៏ល្បីល្បាញលំដាប់ជួរមុខរបស់កម្ពុជានឹងត្រូវឡើងអង្រួនសង្វៀនរាជសីហ៍គុនខ្មែរ នៅទីក្រុងកោះពេជ្រ រាធានីភ្នំពេញ ចាប់ពីម៉ោង៦ល្ងាចតទៅ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមហាជនអាចអញ្ជើញចូលរួមទស្សនាគាំទ្រលើកទឹកចិត្តដោយសេរី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ េះទីប្រឹក្សាក្រុមហ៊ុនថោនគ្រុប និងជាប្រធាន IPCC Kun Khmer លោក Tommy Kim បានអោយដឹងថា ក្រោមការគាំទ្រយ៉ាងពេញទំហឹង និងកិច្ចសហការពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងកម្ពុជា និងស្ថាប័ន Wu Ling Feng របស់ចិន យើងបានរៀបចំព្រឹត្តិការណ៍នេះឡើង។

លោកថា ៖ គោលការណ៍របស់ថោន តែងតែខិតខំប្រឹងប្រែង ក្នុងការភ្ជាប់ទំនាក់ទំនងអន្តរជាតិជាមួយដៃគូខាងក្រៅប្រទេស ក្នុងការផ្សព្វផ្សាយគុនខ្មែរ។ នៅពេលនេះ យើងបានសម្រេចគោលបំណងដោយបានផ្សាភ្ជាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាង គុនខ្មែរ និង Wu Ling Feng ដើម្បីរៀបចំការប្រកួតកម្រិតអន្តរជាតិ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងកោះពេជ្រ។ ការភ្ជាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះ គឺជាការបើកឱកាសទីផ្សារឱ្យកីឡាករកម្ពុជា និងកីឡាករចិនបានចូលរួមប្រជែងគ្នាផងដែរ។ យើងខ្ញុំពិតជាមានមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ ដែលអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនប្រកួតប្រជែងបានជាមួយកីឡាករទាំងអស់មកពីបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក»។

បន្ថែមពីលើនេះ ស្ថាបនិកគុនខ្មែរប្រចាំសង្វៀនថោនបានដាក់ក្តីរំពឹងថា តាមរយៈព្រឹត្តិការណ៍នេះ នឹងជំរុញការផ្សព្វផ្សាយគុនខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ការអភិវឌ្ឍរីកចម្រើន និងសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ពីព្រោះថាតាមរយៈការប្រកួត នៅយប់ថ្ងៃទី១៤ឧសភានេះនឹងមានការផ្សាយបន្ដផ្ទាល់ទៅចិន ហើយមានមនុស្សរាប់លាននាក់កំពុងរង់ចាំទស្សនាផងដែរ។

ឯកឧត្តម តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំព្រឹត្តិការណ៍ រាជសីហ៍គុនខ្មែរ របស់ថោន នាពេលនេះ ដោយឯកឧត្តមបានគូសសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡានេះមិនត្រឹមតែការប្រកួតដើម្បីរឹតចំណងមិត្តភាព សាមគ្គភាពរវាងកីឡាករ និងកីឡាករប៉ុណ្ណោះទេ ប៉ុន្តែក៏បានបន្ថែមដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ទៀតផង។ ក្រៅពីនេះក៏ជាការរួមចំណែកដ៏ធំធេង ក្នុងការជំរុញការអភិវឌ្ឍប្រភេទកីឡាប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាឱ្យមានសមត្ថភាពកាន់តែរឹងមាំ ក្នុងការត្រៀមឆ្ពោះទៅចូលរួមការប្រកួតធំៗកម្រិតអន្តរជាតិ នាថ្ងៃអនាគតផងដែរ។

ជាមួយគ្នានេះដែរលោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីបុកស៊ីងបានលើកឡើងដែរថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី នាចុងឆ្នាំ២០២៤នេះ ខណៈតាមរយៈព្រឹត្តិការណ៍កីឡារាជសីហ៍គុនខ្មែរនេះក៏ជាការរៀបចំមួយដ៏ល្អប្រសើរ សម្រាប់ការត្រៀមខ្លួនរបស់ប្រភេទកីឡាឃីកបុកស៊ីងកម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ី ២០២៤នេះផងដែរ។ ឯកឧត្តមជឿជាក់ថា កីឡាករប្រដាល់ឃីកបុកស៊ីងរបស់ប្រទេសចិន ក៏នឹងចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតឃីកបុកស៊ីងជើងឯកអាស៊ី ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាប្រវតិ្តសាស្ត្រផងដែរ។

គួរបញ្ជាក់ថា ចំពោះសមាសភាពកំពូលកីឡាករគុនខ្មែរលំដាប់ជួរមុខចំនួន១០នាក់ ដែលត្រៀមជួបអ្នកលេងគុនចិន នាល្ងាចថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៤នេះ រួមមានកីឡាករ ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, ពេជ្រ សម្បត្តិ, ឈិត សេរីវណ្ណថង, ម៉ឺន មេឃា, ភក្ដី គុនខ្មែរ, សាន់ គុនខ្មែរ, ហ៊ឹម គឹមរៀង និង ខាំ ខ្លារាជ ដែលត្រៀមប៉ះជាមួយកីឡាករចិន ដែលបានថ្លឹងទម្ងន់ និងចាប់គូប្រកួតរួចរាល់ជាផ្លូវការ។ បេក្ខភាពប្រកួតទាំង ១០គូនេះ មានកីឡាករខ្លះត្រូវប្រកួតលើប្រភេទកីឡាប្រដាល់គុនខ្មែរ និងកីឡាករខ្លះត្រូវប្រកួតលើប្រភេទកីឡាប្រដាល់ឃីកបុកស៊ីង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds