ក្រសួងការងារ រៀបចំដំណើរទស្សនៈកិច្ចអ្នកសារព័ត៌មានទៅស្វែងយល់វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ

ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័នចំនួន១០ បាន​ចូលរួម​កម្ម​វិធី​ដំណើរទស្សនកិច្ចទៅកាន់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅ​ខេត្តកំពង់ស្ពឺ។

គោលបំណងនៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បី​ឱ្យ​អ្នក​សារព័ត៌មាន​បាន​ស្វែង​យល់​កាន់​តែ​ស៊ីជម្រៅ និងទទួលបានបច្ចុប្បន្នភាពអំពីវឌ្ឍនភាពស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ហើយចូលរួមការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយ ទាក់ទង​នឹង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញនេះ ដើម្បីកៀរគរយុវជន​គោល​ដៅ​ចុះ​ឈ្មោះចូ​ល​រៀន​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាងនេះទៅទៀត កម្មវិធីទស្សនកិច្ចនេះក៏មានគោលបំណងឱ្យប្រជាជនទូទៅ ជាពិសេសជនគោលដៅកាន់តែច្រើនបានដឹងពីសមិទ្ធផលនិងវឌ្ឍនភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលអនុវត្តដោយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣កន្លងទៅ។

ក្រោយដាក់ឱ្យអនុវត្តកន្លងទៅ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជនលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿជាក់ថានឹងទទួលបាននូវចំណេះជំនាញក្នុងការបំពេញទីផ្សារការងារ ក៏ដូចជាកែប្រែសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែធូរធាផងដែរ។ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅគឺជាថ្ងៃបើកបវេសនកាលផ្លូវការនៃវគ្គទី១ទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១,៥លាននាក់។

នៅក្នុងដំណើរទស្សនកិច្ចនេះ នឹងមានការធ្វើបទបង្ហាញដោយលោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងការងារ នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តកំពង់ស្ពឺ ព្រម​ទាំង​ការ​ជួប​ផ្ទាល់ជាមួយសិស្ស និងតំណាងក្រុមហ៊ុន ដែលសិស្សចុះកម្មសិក្សា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds