ស្ថានទូតកាតា នឹងពង្រីកទំនាក់ទំនងជាមួយកម្ពុជា នៅលើវិស័យសន្តិសុខស្បៀង
ឯកអគ្គរាជទូតប្រទេសកាតា(Qatar) បានប្ដេជ្ញាថា នឹងខិតខំបង្កើនទំនាក់ទំនងការទូតតាមរយៈការពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជានៅលើវិស័យសន្តិសុខស្បៀង ខណៈភាគីកម្ពុជា ក៏បានបង្ហាញការស្វាគមន៍លើកិច្ចសហប្រតិបត្តិការនេះ ដោយសារកម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើនស្រាប់។
ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងនៅជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកអគ្គរាជទូត កាតា(Qatar)នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ ឯកអគ្គរាជទូតកាតា បានថ្លែងអំណរគុណចំពោះសម្តេច និងបានលើកឡើងថាជាកិត្តិយសណាស់ដែល ឯកឧត្ដម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ ហើយក៏បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។
ជាការឆ្លើយតបវិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖« កម្ពុជា-កាតា មានកិច្ចការធ្វើច្រើន ដោយសារថាកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយ កម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ហើយកម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស»។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះដែរ ឯកឧត្ដមឯកអគ្គរាជទូតកាតា ក៏សន្យាថានឹងខិតខំប្រមែប្រមូលអ្នកវិនិយោគិន ពីកាតាមកកម្ពុជា ក៏ដូចជានាំវិនិយោគិន ពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ខណៈឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថាឯកឧត្តមកំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។
ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា៖ វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗថែមទៀត៕ អត្ថបទ៖ពិសី